សារអេឡិចត្រូនិច
លោក សេត​យ៉ា ណូ​វ៉ាន់​តូ​ ត្រូវភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​ឥណ្ឌូនេស៊ី​ឃុំខ្លួន​


ប្រធានសភា​ឥណ្ឌូនេស៊ី​លោក សេត​យ៉ា ណូ​វ៉ាន់​តូ (Setya Novanto) ត្រូវបាន​ឃុំខ្លួន​ដោយ​គណៈកម្មការ​លុបបំ បាត់​អំពើពុករលួយ (KPK) បន្ទាប់ពី​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​នេះ​បានប្រកាស​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១៩​វិច្ឆិកា​ថា ស្ថានភាព​សុខភាព​របស់គាត់​មិន​តម្រូវ​ឱ្យចូល​មន្ទីរពេទ្យ​នោះទេ​។​

​លោក ណូ​វ៉ាន់​តូ អាយុ ៦២ ឆ្នាំ​ត្រូវបាន​តាម​ចាប់ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​អំពី​រឿងអាស្រូវ​ដ៏​ធំ​ពាក់ព័ន្ធ​នឹង​ការ​លួច​មូល និធិ​រដ្ឋ​ចំនួន ១៧០ លាន​ដុល្លារ​អាមេរិក​។​

​ប្រធាន​បក្ស​ហ្គោល​កា (Golkar) រូបនេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៦ ខែវិច្ឆិកា បន្ទាប់ពី​រថយន្ត​ដែល​គាត់​ជិះ បាន​បុក​ដើមឈើ​មួយ​ដើម​និង​បង្គោល​ភ្លើង​តាមផ្លូវ​មួយ នៅ​ភាគខាងត្បូង​ទីក្រុង​ហ្សា​ការ​តា​។​

KPK បានចេញ​បញ្ជា​ឱ្យ​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​រដ្ឋ RSCM នៅ​រដ្ឋធានី​ហ្សា​ការ​តា ជាទី​ដែល​លោក​ណូ​វ៉ាន់​តូ ត្រូវបាន​ពិនិត្យ​ដោយ​គ្រូពេទ្យ​របស់​មន្ទីរពេទ្យ និង​វេជ្ជបណ្ឌិត​មកពី​សមាគម​គ្រូពេទ្យ​ឥណ្ឌូនេស៊ី (IDI)​។​

​លោក​ណូ​វ៉ាន់​តូ​បាន​ទៅដល់ KPK នៅវេលា​ម៉ោង ១១ និង ៤០ នាទី​យប់​ថ្ងៃអាទិត្យ ដោយ​ពាក់អាវ​ទឹកក្រូច​របស់ KPK និង​ត្រូវបាន​គេ​នាំចូល​ទៅក្នុង​អគារ​ដោយ​ជិះរទេះ​រុញ​។ គាត់​មិនបាន​ផ្តល់យោបល់​អ្វី​នោះទេ​។​

​មេធាវី​របស់លោក​ណូ​វ៉ាន់​តូ​កាលពី​ថ្ងៃទី ១៥ វិច្ឆិកា​បានដាក់​ពាក្យបណ្តឹង​មុនពេល​កាត់ក្តី​ប្រឆាំងនឹង​ស្ថានភាព​របស់​កូនក្តី​របស់គាត់​ជា​ជនសង្ស័យ​ពុករលួយ ដោយ​ជំទាស់​នឹង​នីតិវិធី​ដែល KPK បាន​អនុវត្ត​ក្នុងការ​ដោះស្រាយ​សំណុំ​រឿងនេះ​។ សវនាការ​លើកដំបូង​សម្រាប់​ការកាត់ទោស​លោក​ណូ​វ៉ាន់​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា​នៅឯ​តុលាការ​ហ្សា​ការ​តា​ខាងត្បូង​៕