សារអេឡិចត្រូនិច
គ្រោះមហន្តរាយ ទឹកជំនន់ ខ្យល់ព្យុះ និង​អគ្គីភ័យ អាច​កើតមានឡើង ដោយ​គ្មាន​ព្រំដែន​


ភ្នំពេញ​៖ សម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​ជម្រុញ​កិច្ចការ​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​អាស៊ី ឲ្យ​បាន​លឿន នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដាក់​ជូន​ទៅ​រដ្ឋសភា ដើម្បី​ស្នើ​សុំ​សច្ចាប័ន​ជា​ផ្លូវការ ស្រប​ពេល បច្ចុប្បន្ន​នេះ គ្រោះ​មហន្តរាយ​គឺ​អាច​កើត​មាន​ឡើង​ដោយ​គ្មាន​ព្រំដែន​ឡើយ ដូច​ជា​ទឹកជំនន់ ខ្យល់ព្យុះ និង​អគ្គី​ភ័យ គ្រោះ​រាំង​ស្ងួត​ជាដើម​។

នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក Krasae Chana Wongse (​ក្រា​ស៊ែ ចាន់​ណា​វង្ស​)  ប្រធាន​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​អាស៊ី Asian Disaster Preparedness Center -ADPC​។  
 
តាម​ពិត​ទៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​ក្លាយជា​សមាជិក​ស្ថាបនិក ADPC តាំងពី​ឆ្នាំ ២០១២ មក​ម្ល៉េះ​។ តែ​ដោយសារ​កន្លង​មក​មិន​ទាន់​បាន​បញ្ជូន​ឯកសារ​សច្ចារ​ប័ន​ដែល​តម្រូវ​អោយ​ឆ្លងកាត់​ការ​អនុម័ត​ពី​សភាជាតិ កម្ពុជា ទើប​មានការ​ពន្យារ​រហូត​មក​ទល់​ពេល​នេះ​។ នៅ​ក្នុង​ជំនួប​រវាង លោក  Krasae Chana Wongse និង សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ដើម្បី​ជំរុញ​ការ​រៀបចំ​ឯកសារ​អោយ​បាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​សមាជិក​ស្ថាបនិក​ពេញ​សិ​ទ្ឋិ​នៃ​មជ្ឈមណ្ឌល ADPC អោយ​បាន​ឆាប់​បំផុត​។  សព្វ​ថ្ងៃនេះ​មាន​ប្រទេស​ជា​សមាជិក​ស្ថាបនិក​ចំនួន​៩​។ នៅ​មាន​ប្រទេស​២​ដែល​មិន​ទាន់​ក្លាយជា​សមាជិក​ស្ថាបនិក​ផ្លូវការ​គឺ​ប្រទេស​កម្ពុជា និង​ថៃ​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​ជម្រុញ​កិច្ចការ​នេះ​ឲ្យ​បាន​លឿន​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៧ ខែតុលា ខាង​មុខ​នេះ ហើយ​បន្ទាប់​មក​នឹង​ដាក់​ជូន​ទៅ​រដ្ឋសភា​ដើម្បី​ស្នើ​សុំ​សច្ចាប័ន​ជា​ផ្លូវការ​នា​ពេល​ខាង​មុខ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​គ្រោះ​មហន្តរាយ​គឺ​អាច​កើត​មាន​ឡើង​ដោយ​គ្មាន​ព្រំដែន​ឡើយ ដូច​ជា​ទឹកជំនន់ ខ្យល់ព្យុះ និង​អគ្គី​ភ័យ គ្រោះ​រាំង​ស្ងួត​ជាដើម​។ ដូច្នេះ​ការ​បង្កើត​មជ្ឈមណ្ឌល​មួយ​នេះ គឺ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​គ្រប់គ្រង​និង​ទប់ស្កាត់​នូវ​គ្រោះ​មហន្តរាយ​នានា​ដោយ​យថាហេតុ​បាន​មួយ​កម្រិត​ធំ​។

លោក  Krasae Chana Wongse បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ផង​ដែរ​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ ដោយសារ​បច្ចុប្បន្ន​រូប​លោក​ផ្ទាល់​គឺជា​ប្រធាន​ប្រឹក្សា​ភិ​បាល នៃ​សាកលវិទ្យាល័យ​ចំនួន​២​នៅ​ប្រទេស​ថៃ​។ លោក​ចង់​ចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​អប់រំ​, ផ្នែក​បណ្តុះបណ្តាល និង​អប់រំ​ទូទៅ​ពី​ថ្នាក់​ម​ត្តេ​យ្យរ​ហូត​ដល់​ឧត្តម​សិក្សា​។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ជុំវិញ កំណែទម្រង់​នៃ​ការ​អប់រំ​នៅ​កម្ពុជា ជា​ពិសេស​នៅ​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​កម្ពុជា​ទទួល​បាន​ភាព​ជោគជ័យ​ជា​ច្រើន​នៅ​គ្រប់​កម្រិត ជា​ពិសេស​ការ​ពង្រឹងគុណភាព​អប់រំ​នៅ​គ្រប់​កម្រិត​ទាំងអស់​។ សម្តេច​ក៏​បាន​ស្វាគមន៍ ឲ្យ​លោក   Krasae Chana Wongse  ចាប់ដៃ​ជាមួយ​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការងារ​បណ្តុះបណ្តាល​លើ​ថ្នាក់ឧត្តម​សិក្សា​នេះ​។

លោក Krasae Chana wongse បាន​អរគុណ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ផ្តល់​កិត្តិយស​អោយ​លោក​នឹង​ប្រតិភូ​ចូល​ជួប​ពិភាក្សា​។ លោក​បាន​ចាត់​ទុក សម្តេច​តេ​ជោ ជា​មេដឹកនាំ​ជើង​ចាស់​ដ៏​ល្បី​នៅ​ក្នុង​អាស៊ី ដែល​បាន​ដឹកនាំ​មិនមែន​តែ​ក្នុង​ប្រទេស​កម្ពុជា គឺ​នៅ​ក្នុង​ស្ថាប័ន​អន្តរជាតិ ជា​ពិសេស​គឺ​បាន​ឆ្លុះ​ពី​ចក្ខុវិស័យ​ប្រកបដោយ​គតិបណ្ឌិត​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​អោយ​រីក​ចំរើន​។ កាលពី​១១​ឆ្នាំ​មុន​ដែល​បាន​មក​កម្ពុជា និង​ពេល​នេះ​គឺ​បានឃើញ​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាងច្រើន​។

សម្តេច​តេ​ជោ បាន​ជំរាប​ជូន​លោក Krasae Chana wongse ថា យើង​មិន​អាច​កាត់​គម្លាត​នៃ​ទ្រព្យសម្បត្តិ​លើ​លោក​នេះ​បាន​ទេ ប៉ុន្តែ​យើង​អាច​កាត់​បន្ថយ​គម្លាត​នៃ​ការ​អប់រំ​បាន​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ខិតខំ​ជំរុញ​ការងារ​បណ្តុះបណ្តាល​ធនធានមនុស្ស ទាំង​កម្រិត​ឧត្តម​សិក្សា និង​កម្រិត​ជំនាញ​បច្ចេកទេស​នានា​។ ចំពោះ​កូនសិស្ស​ដែល​ប្រឡង​ធ្លាក់​ឌុ​ប ក៏​នៅ​អាច​បន្ត​ការ​សិក្សា​បរិញ្ញាបត្រ​រង​បាន រួម​ទាំង​សិក្សា​លើ​មុខ​ជំនាញ​វិ​ជ្ជ​ជីវៈ​ផ្សេង​ៗ​បាន​យ៉ាង​ងាយស្រួល​ទៀត​ផង​។ ទន្ទឹម​នឹង​នេះ ការ​បណ្តុះបណ្តាល និង​ការ​កសាង​សមត្ថភាព ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នៃ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ការ​ចូលរួម​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​គ្រោះ​មហន្តរាយ​នេះ​គឺជា​សេចក្តី​ត្រូវការ​ចាំបាច់​បំផុត ជា​ពិសេស​រវាង​ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​គ្នា​ដូច​ជា កម្ពុជា​-​ថៃ កម្ពុជា​-​ឡាវ និង​កម្ពុជា​-​វៀតណាម​ជាដើម​៕