សារអេឡិចត្រូនិច
សព សាន ស្រី​ឡៃ តម្កល់​នៅ​វត្ត​សែន​សុខ ខណ្ឌ​សែន​សុខ សព​ត្រូវ​បូជា​នៅ​ថ្ងៃស្អែក


ភ្នំពេញ​៖ ​សព សាន ស្រី​ឡៃ តម្កល់​នៅ​វត្ត​សែន​សុខ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ សព​ត្រូវ​បូជា​នៅ​ថ្ងៃ​ពុធ នៅ​វត្ត​សែន​សុខ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុម​«​សិល្បករ​កម្ពុជា»​។

សូម​បញ្ជាក់​ថា បុរស​ដែល​បាញ់​សម្លាប់​តារាចម្រៀង​សាន ស្រី​ឡៃ​និង​បញ្ចប់ជីវិត​ខ្លួនឯង​ជា​ក្រោយ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​ជា​ប្តី​ទី​២ និង​ជា​មន្ត្រី​គយ ឈ្មោះ ជ័យ រិ​ន ។

បើ​តាម​ប្រភព​ព័ត៌មាន បុរស​នេះ​ធ្លាប់​មាន​ប្រពន្ធ​និង​កូន​ហើយ​ដែរ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​និង​ជា​ប្តី​ទី​២​របស់​តារាចម្រៀង សាន ស្រី​ឡៃ ហើយ​ការ​សម្លាប់​នេះ​បណ្តាល​មក​ពី​ប្រចណ្ឌ ចាប់តាំងពី​ពេល​នាង​ជាប់​ជា​បេក្ខជន ​The Voice Cambodia ​និង​ចូល​ផលិតកម្ម​ហង្ស​មាស ។

ចំពោះ​ករណី​ខាងលើ​នេះ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស នឹង​ចំណាយ​ថវិកា​ទាំងស្រុង​លើ​កា​រៀបចំ​បុណ្យសព​តារាចម្រៀង សាន ស្រី​ឡៃ ដែល​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស និង​ជា​អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២​។

បើ​តាម​សម្តី​របស់​ប្អូនស្រី​បង្កើត​របស់ ​សាន​ ស្រី​ឡៃ បញ្ជាក់​ការ​ប្រហារ​នេះ​ផ្ដើម​ចេញពី​ភ្លើង​ប្រចណ្ឌ​របស់​ប្ដី​ តាំងពី​ សាន ស្រី​ឡៃ ប្រលង​ The Voice Cambodia រដូវ​កាល​ទី​២​មក​។ ហើយ​លែងលះ​គ្នា​មិន​ទាន់​ដាច់ស្រេច​នៅឡើយ​ទេ ព្រោះ​បុរស​ជា​ប្ដី​មិន​ព្រម​លែង ដោយ​អោយ​អ្នក​នាង​ឈប់​ពី​វិស័យ​សិល្បៈ​ជា​ច្រើន​លើក ព្រោះ​ប្រចណ្ឌ​ពេល​ដែល​ឃើញ​អ្នក​នាង​ថត​ស្និទ្ធស្នាល​ជាមួយ​តារា​ប្រុស​ៗ​ដទៃ​ទៀត​។

សាន ស្រី​ឡៃ អាយុ ២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​កំពុង​តែ​ថត​រឿង ​«​រាជិនី​ភូមិ​គ្រឹះ​» ​មិន​ទាន់​ចប់ និង​ចេញ​ចម្រៀង MV មួយ​មិន​ទាន់​ដាក់​លក់​ផង​ដែរ​។

ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​ឡិច​ស៊ី​ស ចូល​ទៅ​គ្លីនិក​កែស​ម្ជ​ស្ស ដើម្បី​ពិនិត្យ​ស្បែក ខណៈ​ពេល​ចុះ​ពីលើ​រថយន្ត​ដើរ​ចូល​ក្នុង​គ្លីនិក​បើកទ្វារ​កញ្ចក់​ដើរ​ចូល​បាន​បន្តិច ក៏​ត្រូវ​ខ្មាញ់​កាំភ្លើង​ជិះ​ម៉ូតូ​បាញ់​ដើរ​ចូល​ទៅ​ដក​កាំភ្លើង​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៣​គ្រាប់ បណ្តាល​ឲ្យ​ដួល​ស្លាប់ ហើយ​ខ្មាន់កាំភ្លើង​បាន​យក​កាំភ្លើង​បាញ់​ខ្លួនឯង​មួយ​គ្រាប់​ចំ​សៀត​ថ្កា​ដួល​ដេក​ស្លាប់​នៅ​ជាប់​នឹង​ជន​រង​គ្រោះ​តែ​ម្តង​៕