សារអេឡិចត្រូនិច
ក្រសួង​អប់រំ​៖ ដំណើរការ​ប្រឡង​បាក់​ឌុប ២​ថ្ងៃនេះ មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​


​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា ដំណើរការ​ប្រឡង​បាក់​ឌុប រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​២១-២២ ខែសីហា ឆ្នាំ​២០១៧ មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ ពុំមាន​ឧបទ្ទវ​ហេតុអ្វី​កើតឡើង គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ រយៈពេល ២​ថ្ងៃនេះ បេក្ខជន​អវត្តមាន​សរុប​ចំនួន ១៦៤៧ នាក់ ស្រី ៥៨៤ នាក់ ត្រូវជា ១,៦២ ភាគរយ នៃ​ចំនួន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​នា​ព្រលប់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ ថា ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា បាន​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​២១-២២ ខែសីហា ឆ្នាំ​២០១៧ មាន​បេក្ខជន បាន​ចុះឈ្មោះ​ប្រឡង សរុប​ចំនួន ១០១.៤១០ នាក់ ស្រី ៥០.០៤៩ នាក់ និង​មាន​មណ្ឌល​ប្រឡង ចំនួន ១៧៨ មណ្ឌល ក្នុងនោះ ថ្នាក់​វិទ្យាសាស្ត្រ មាន ១០៨ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន ៧០ មណ្ឌល ត្រូវជា ៤.០៩៣ បន្ទប់ ទូទាំងប្រទេស​។ អ្នកសង្កេតការណ៍​ជាម​ន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​មាន​ចំនួន ៤.៥៧៨ នាក់​។​

​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ក្នុង​ដំណើរការ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃនេះ បេក្ខជន​អវត្តមាន​សរុប​ចំនួន ១.៦៤៧ នាក់ ស្រី ៥៨៤ នាក់ ត្រូវជា ១,៦២ ភាគរយ នៃ​ចំនួន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​។ មុខវិជ្ជា​ប្រឡង​មាន​ចំនួន ៧ ចែកចេញជា​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ ថ្នាក់​វិទ្យាសាស្ត្រ មានមុខ​វិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិតវិទ្យា​។ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មានមុខ​វិជ្ជា ផែនដី និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ដំណើរការ​សំណេរ​ទាំងពីរ​ថ្ងៃ មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ ពុំមាន​ឧបទ្ទវ​ហេតុអ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ គណៈមេប្រយោគ​គ្រប់លំដាប់​ថ្នាក់​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​បំពេញភារកិច្ច ទោះបី​នៅតាម​រាជធានី ខេត្ត​មួយចំនួន មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ​។​

​ទន្ទឹមនេះ ក្រសួង​អប់រំ បានប្រកាសថា គ្រប់ភាគី​ពាក់ព័ន្ធ​បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អ រួមមាន អង្គភាព​ប្រឆាំង​អំពើពុករលួយ អាជ្ញាធរ​ដែនដី កងកម្លាំង​មាន​សមត្ថកិច្ច សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អ្នកសង្កេតការណ៍​ផ្សេងទៀត​។ ដោយឡែក បេក្ខជន បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​យ៉ាង​ល្អ ស្ទើរតែ​ពុំមាន​នាំមក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាមឃាត់​។​

​យ៉ាងណាក៏ដោយ ក្រសួង​អប់រំ បានប្រកាសថា រយៈពេល​ប្រឡង​បាក់​ឌុប ពីរ​ថ្ងៃនេះ បេក្ខជន បាន​ប្រព្រឹត្ត​កំហុសឆ្គង ត្រូវ​បានរៀបចំ​កំណត់ហេតុ​ពិសេស ១៣ ករណី ក្នុងនោះ ករណី​ដកហូត ទូរ​សព្ទ​ដៃ ០៦ ករណី ប្ដូរ​លេខ​តុ​អង្គុយ ០១ ករណី លួច​ចម្លង​សំណៅ​ឯកសារ ០១ ករណី លួច​ប្រើ​ម៉ាស៊ីន​គិត​លេខ ០១ ករណី ប្រឡង​ជំនួស ០១ ករណី និង​លួច​ប្ដូរ​លេខ​តុ ០១ ករណី និង​បុគ្គលិក​អប់រំ​មាន​កំហុសឆ្គង ០៥ ករណី​។ ដោយឡែក មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ៧០ ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្តទៀត​បាន បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម និង​មាន ០៩​ករណី ដែល​មិនអាច​បន្ត​ការប្រឡង​បាន​។ ចំណែក​បុគ្គលិក​អប់រំ​មាន​បញ្ហា​សុខភាព​ចំនួន ០២​ករណី​។​

​ក្រសួង​អប់រំ ក៏បាន​ប្រកាសថា លទ្ធផល​ប្រឡង នឹងត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល នា​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ និង​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា facebook.com/moeys.gov.kh៕​