សារអេឡិចត្រូនិច
ដំណើរការ​ប្រឡង​បាក់​ឌុប នា​ព្រឹក​ថ្ងៃទី​២២​សីហា បេក្ខជន​អវត្តមាន ១៥៤៩​នាក់


​ក្រសួង​អប់រំ បានប្រកាសថា ដំណើរការ​សំណេរ​នៃ​ការប្រឡង​បាក់​ឌុប សម្រាប់​ថ្ងៃទី​២ នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ បាន​បន្ត​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។

​ក្រសួង បាន​បន្តថា នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ បាន​ដំណើរការ​ដោយ​ភាពស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយមាន​ការយកចិត្ត​ទុកដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី​គណៈកម្មការ​មេ​ប្រយោគ​គ្រប់លំដាប់​ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ដោយឡែក បេក្ខជន​បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​។​

​ក្រសួង​អប់រំ ក៏បាន​ប្រកាសថា ក្នុង​ដំណើរការ​សំណេរ​នា​ព្រឹក​ថ្ងៃទី​២​នេះ ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប​ចំនួន ១០១ ៤១០ នាក់ ស្រី ៥០ ០៤៩ នាក់ អវត្តមាន​សរុប​ចំនួន​១ ៥៤៩​នាក់ (​កើន ៥៧​នាក់​) ស្រី ៥៦៦​នាក់ (​កើន ១១​នាក់​)​។​

​ក្រសួង​អប់រំ ក៏បាន​បន្តថា នា​ព្រឹក​ថ្ងៃទី​២២​សីហា បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង ត្រូវ​បានរៀបចំ​កំណត់ហេតុ​ពិសេស​ចំនួន ០៣​ករណី បេក្ខជនស្វៃរិន​ប្រឡង​ជំនួស​ចំនួន ០១​ករណី និង​បេក្ខជន​ប្រឡង​លួច​ចម្លង​សំណៅ​ឯកសារ​ចំនួន ០២​ករណី និង​ករណី​បុគ្គលិក​អប់រំ​ប្រព្រឹត្ត​កំហុសឆ្គង ០៤​ករណី​។​

​ក្រសួង​អប់រំ ក៏បាន​ប្រកាសថា នៅ​ព្រឹក​ថ្ងៃទី​២២​សីហា​នេះ មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ៤០​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្តទៀត​បាន បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម និង​មាន ០៥​ករណី ដែល​មិនអាច​ត្រឡប់​ពី​មន្ទីរពេទ្យ​មក​បន្ត​ការប្រឡង​បាន​។ ក្នុងនោះ អនុរក្ស​មាន​បញ្ហា​សុខភាព​ចំនួន ២​ករណី​ផងដែរ​។​

​ចំពោះ​ស្ថានភាព​អាកាសធាតុ ក៏ត្រូវ​បាន​ក្រសួង​អប់រំ ប្រកាសថា នា​ព្រឹក​ថ្ងៃទី​២ នៃ​ការប្រឡង​បាក់​ឌុប នា​ព្រឹក​ថ្ងៃទី​២២​សីហា​នេះ នៅតាម​មណ្ឌល​មួយ​នៅ​ខេត្តក្រចេះ ខេត្ត​ព្រះសីហនុ និង​ខេត្តរតនគិរី មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំណេរ​របស់​បេក្ខជន​ឡើយ​៕​