សារអេឡិចត្រូនិច
សម្តេច ហ៊ុន សែន រិះគន់​ឧកញ៉ា​ខ្លះ​មាន​លុយ​ដោយសារ​បំផ្លាញ​ព្រៃឈើ​


​នៅ​ព្រឹក​ថ្ងៃទី​២២​ខែសីហា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់ និង​និយាយ​ចំអក​ដល់​ក្រុម​អ្នកមាន​ទ្រព្យសម្បត្តិ​ដោយសារ​ការកាប់បំផ្លាញ​ព្រៃឈើ​។ នៅ​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​ដឹកនាំ​វេទិកា​ជាតិ​លើក​ទី​២​ស្តីពី ការការពារ និង​ការអភិរក្ស​ធនធានធម្មជាតិ ដែល​ប្រព្រឹត្តទៅ​នៅ​វិមាន​សន្តិភាព​។​

«​គេ​កាប់​ឈើ​នៅ​ព្រះវិហារ តែ​គេ​មក​ចូលរួម​កសាង​បន្តិចបន្តួច​នៅ​កំពង់ចាម ឬ​នៅ​ខេត្តកណ្តាល​។ ហើយ​អ្នក​កំពង់ចាម និង​អ្នក​ខេត្តកណ្តាល គិត​ស្មានថា អ្នក​ទាំងនេះ​ល្អ​។ ត្រូវ​មើល​ប្រវត្តិ បើ​រកស៊ី​មានបាន​ដោយសារ​កាប់​ឈើ យើង​ត្រូវ​ពិចារណា​»​។ សម្តេច​នាក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រិះគន់​ក្រុម​ឈ្មូ​ញ​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​វេទិកា​ជាតិ​លើក​ទី​ស្តីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។ សម្តេច​ន​យក​រដ្ឋមន្ត្រី​បន្តទៀតថា អ្នកខ្លះ​ត្រូវបាន​គេ​គិតថា ជា​ឧកញ៉ា និង​ជា​ឈ្មួញ​ល្អ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​សម្រាប់​អ្នក​នៅ​តំបន់​ផ្សេង​ដែល​បាន​បាត់បង់​ផលប្រយោជន៍​ដោយសារ​ការកាប់បំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ឈ្មួញ​អ្នក​អំណាច​ទាំងនោះ ឧកញ៉ា ឬ​ឈ្មួញ​ទាំងនោះ គឺជា​ឧក្រិដ្ឋជន​ទៅវិញ​ទេ​។​

​ប្រមុខ​រដ្ឋាភិបាល​កំពុង​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ចំពោះ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ដែល​លោក​ថា រដ្ឋាភិបាល​បានធ្វើ​ការងារ​ច្រើន​ចំពោះ​ការការពារ និង​ការទប់ស្កាត់​ការកាប់​ព្រៃឈើ​នេះ​។ នៅក្នុង​វេទិកា​ជាតិ ដែលមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ពី​មន្ត្រី សង្គម​ស៊ីវិល ព្រមទាំង​អ្នកសិល្បៈ​ផង​នោះ សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​៖«​ការកាប់បំផ្លាញ​ព្រៃឈើ​ណាមួយ វា​មិន​ខុសពី​ការកាប់​ក្បាល​របស់ខ្ញុំ​នោះទេ​។ ខ្ញុំ​ស្អប់​ណាស់ មនុស្ស​កាប់​ឈើ​នេះ​។ រៀង​រាល់ពេល​ប្រជុំ​គណបក្ស ខ្ញុំ​តែង​រម្លឹក​ហើយ  ថា​កុំ​ឲ្យ​មានការ​អត់ឱន​ដល់​មនុស្ស​កាប់បំផ្លាញ​ព្រៃឈើ ទោះ​អ្នកនោះ​មាន​ឋានៈ​ស្អី​ក៏ដោយ​»៕

អត្ថបទ៖ ថ្មី ថ្មី