សារអេឡិចត្រូនិច
យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន បាន​១.៦៧២ ករណី ឃាត់ខ្លួន​ជនសង្ស័យ ៣.៩១១​នាក់


ភ្នំពេញ​: លោកនាយ​ឧត្តមសេនីយ៍ មាស វី​រី​ទ្ធ បាន​បញ្ជាក់​ថា ចាប់តាំងពី​ដើមឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធនា ការ​ទ្រង់ទ្រាយ​ធំ​ដើម្បី​បង្ក្រាប​ការ​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទូ​ទាំង​ប្រទេស ដែល​មក​ដល់​ពេល​នេះ បង្ក្រាប​បាន​១.៦៧២ ករណី ក្នុង​នោះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ៣.៩១១​នាក់ ហើយ និង​បន្ត សកម្មភាព​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​រក​ការ​លប់​បំបាត់​ទាំងស្រុង នូវ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿង​ចេញពី​ក្នុង​ប្រទេស​កម្ពុជា​។

លោកនាយ​ឧត្តមសេនីយ៍ មាស វី​រិ​ទ្ធិ អគ្គលេខាធិការ​នៃ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ ផ្សព្វផ្សាយ ខ្លឹមសារ​រាជរដ្ឋាភិបាល​ជាមួយ​គណៈ កម្ម​ការ​ចម្រុះ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០១៧​នេះ​ថា មន្ដ្រី​ព័ត៌មាន​នៅ តាម​រាជធានី ខេត្ត​ត្រូវ ធ្វើការ​ផ្សព្វ ផ្សាយ​អប់រំ​បង្ការ​ការ ប្រើប្រាស់​គ្រឿងញៀន ឲ្យ​បាន​ទូលំទូលាយ ដល់​សហគមន៍​។

លោក បាន​បន្ត​ថា ក្រោយ​ពី​កិច្ចប្រជុំ​នេះ គណៈកម្មការ​ចម្រុះ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នឹង​ដាក់​ផែនការ​ទៅ​តាម​ក្រសួង​ស្ថាប័ន​នានា ចុះ​ទៅ​ផ្សព្វផ្សាយ​អប់រំ​នៅ​តាម​គោល ដៅ​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​បញ្ជ្រាប​ការ​យល់​ដឹង ពី​ផល​អវិជ្ជមាន​នៃ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​។

លោក​បាន​បញ្ជាក់​ថា ៖ គោលដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់​ៗ សម្រាប់​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ទូទៅ រួម​មាន ក្រុម​គោលដៅ​សិស្សានុសិស្ស និង​និស្សិត​នៅ​តាម​គ្រឹះស្ថាន​អប់រំ និង​នៅ​តាម​វិទ្យាស្ថាន បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កម្មករ កម្ម​ការ​នី ដែល​បម្រើ​នៅ​តាម​រោងចក្រ​កាត់ដេរ និង​រោងចក្រ​ស្បែកជើង កម្មករ កម្មការិនី​បម្រើ​នៅ​តាម​ការដ្ឋាន​សំណង់ កម្មករ កម្ម​ការ​នី ដែល​បម្រើ​នៅ​តាម​សិប្បកម្ម សហគ្រាស​ឧស្សាហកម្ម អ្នកបើកបរ​រថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ អ្នកគ្រប់គ្រង និង​ជា​អ្នកបំរើ​ការ​នៅ​តាម​សេវាកម្ម ទេសចរណ៍​ដូច​ជា​សណ្ឋាគារ ផ្ទះសំណាក់ ក្លឹ​ប​កំសាន្ត ម៉ាស្សា ខារ៉ាអូខេ ក្មេង​អនាថា យុវជន​គ្មាន​ការងារ​ធ្វើ និង​ក្រុម​គោលដៅ​ជា​មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ​ជាដើម​៕