លោក កឹម សុខា​៖ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចាប់អារម្មណ៍​នឹង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទេ


ភ្នំពេញ: លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​អះអាងថាគណបក្សប្រឆាំង រួមទាំង​រូបលោក មិន​ចាប់អារម្មណ៍​នឹង​សេចក្តីប្រកាស​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុង​ការវិល​ត្រលប់មក​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ តាមរយៈ​ការដឹកនាំ គណបក្សនយោបាយ​ថ្មី​មួយទៀត​នោះទេ​។​

​លោក កឹម សុខា បាន​គូសបញ្ជាក់ថា “​ខ្ញុំ​អត់​ចាប់អារម្មណ៍​ទេ ហើយ​ខ្ញុំ​ជឿថា ប្រជាពលរដ្ឋ​ខ្មែរ ក៏​គេ​មិន​ចាប់អារម្មណ៍​ដែរ​។ គ្មាន​អី ដែល​យើង​ត្រូវ​ភិតភ័យ​ទេ ហើយ​ជា​សិទ្ធិ​របស់លោក​ទេ បើ​ព្រះអង្គ​លោក​ចង់​ធ្វើ ហើយ​នរណា ដែល​ចង់​ធ្វើ​គណបក្ស ក៏​ជា​សិទ្ធិ​របស់​ម្នាក់ៗ​។ យើង​មិនមាន​អ្វី​ពិបាក​នឹង​យល់​ទេ ព្រោះ​លោក​ធ្លាប់​ហើយ គេ​ក៏​ដឹង​ហើយ​។ ដូច្នេះ ខ្ញុំ​មិនចាំបាច់​វ៉ៃ​តម្លៃ​ទេ គឺ​ប្រជារាស្ត្រ គេ​ដឹង និង​គេ​វ៉ៃ​តម្លៃ​ហើយ​។ ប្រជាពលរដ្ឋ​ធ្លាប់​ស្គាល់​លោក​ហើយ​។ មិនមែន​ថ្មី​ឯណា​!”​។​


​លោក កឹម សុខា បាន​គូសបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិន​គំរាមកំហែង ឬក៏​បំភិតបំភ័យ ទាញយក​ប្រជាប្រិយភាព​នយោបាយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ព្រោះ​តួអង្គ​សម្តេចក្រុមព្រះ ត្រូវបាន​ប្រជាពលរដ្ឋ ស្គាល់​រួចមកហើយ​។​

​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៤ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលមាន​ព្រះជន្ម ៧០ ព្រះវស្សា នៅ​ឆ្នាំនេះ និង​ជា​អតីត​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានប្រកាស​ប្រាប់​អ្នកកាសែត​ថា ព្រះអង្គ​នឹង​វិល​ចូលក្នុង​ឆាកនយោបាយ​ឡើងវិញ តាមរយៈ​ការបង្កើត​គណបក្ស​ថ្មី​មួយ មិនមែន​ហ្វ៊ុនស៊ិនប៉ិច ហើយក៏​គណបក្ស​ជាតិនិយម ដែល​ព្រះអង្គ ធ្លាប់​ដឹកនាំ​កន្លងមក​ទេ​។ ព្រះអង្គ នឹងដាក់​ពាក្យស្នើសុំ​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​បង្កើតជា​ផ្លូវការ នៅក្នុង​ឆ្នាំ​២០១៤​នេះ​។​

​មូលហេតុ នៃ​ការសម្រេច​ព្រះទ័យ វិល​មក​ក្នុង​ឆាកនយោបាយ​ជាថ្មី​ឡើងវិញ នាពេលនេះ ត្រូវបាន​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អះអាងថា មកពី​បញ្ហានយោបាយ នៅ​កម្ពុជា ពិសេស​ក្រោយ​ការបោះឆ្នោត កាលពី​ខែកក្កដា ដែល​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ដោះស្រាយ ដែល​រួមមាន បញ្ហា​បោះឆ្នោត បញ្ហា​អំពើពុករលួយ និង​បញ្ហា​អយុត្តិធម៌​សង្គម ជាដើម​។​

​សូម​រម្លឹកថា ចាប់តាំងពី​ឆ្នាំ​១៩៩២ រហូតដល់​ឆ្នាំ​២០០៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលជា​ស្នា​ព្រហស្ថ​របស់​សម្តេចឪ នរោត្តម សីហនុ​។ នៅ​ឆ្នាំ​បោះឆ្នោត ដែល​រៀបចំ​ដោយ​អ៊ុនតាក់ កាលពី​ឆ្នាំ​១៩៩៣ ហ្វ៊ុនស៊ិនប៉ិច បាន​ជាប់ឆ្នោត ហើយ​ក្រោម​ការសម្រុះសម្រួល​នយោបាយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ធ្វើជា​នាយករដ្ឋមន្ត្រី​ទី​១ រហូតដល់​ឆ្នាំ​១៩៩៧​។ ចាប់តាំងពី​ពេលនោះ​មក សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​គង់ ជា​ប្រធានរដ្ឋសភា រហូតដល់ ចុងឆ្នាំ​២០០៦​។ 

​ក្រោយពី​អស់តំណែង​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បង្កើត​គណបក្សនយោបាយ​ថ្មី​មួយ ដោយ​យក​ព្រះនាម​ព្រះអង្គ ដាក់ឈ្មោះ​គណបក្ស​ថ្មី​នោះ នៅ​ចុងឆ្នាំ​២០០៦​។​

​កាលពី​ខែតុលា ឆ្នាំ​២០០៨ ក្រោយ​ការបោះឆ្នោតជាតិ និង​ក្រោយពី​មានការ​សម្របសម្រួល​ផ្នែក​នយោបាយ​ជាមួយ​សម្តេច​ហ៊ុនសែន​រួចមក សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រកាស​លាឈប់​ពី​ឆាកនយោបាយ និង​បាន​វិលត្រឡប់ ចូល​មាតុប្រទេស​វិញ ដោយ​មិន​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ ក្នុង​រឿងក្តី​ក្តាំង​ជម្លោះផ្ទៃក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

​ក្រោយមក គឺ​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០០៨ ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានតែងតាំង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​។ សម្តេចក្រុមព្រះ ក៏បាន​បន្ត​តំណែង​នោះ រហូតដល់​សព្វថ្ងៃ​។​

​ប៉ុន្តែ​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១០ បន្ទាប់ពី​សមាជ​ប្តូរ​ឈ្មោះ​ពី​គណបក្ស​ជាតិនិយម មកជា​គណបក្ស នរោត្តម រណឫទ្ធិ ឡើងវិញ ក៏មាន​ការជ្រើសតាំង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ដែល​បាន​បង្កើតឡើង​កាលពី​ចុងឆ្នាំ​២០០៦ ក្រោយពី​ជម្លោះផ្ទៃក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​ប៉ុន្តែ​រហូតដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រកាស​ជា​សាធារណៈ ឈប់​ធ្វើ​នយោបាយ ជាថ្មីទៀត​៕

Loading...