សារអេឡិចត្រូនិច
អត្ថ​ប្រយោជន៍​សុខ​ភាព​របស់​មើម​ត្រាវ​


ត្រាវ​ត្រូវ​គេ​ចាត់​ចូល​ក្នុង​ប្រភេទ​បន្លែ​មើម​ដែល​ប្រជា​ជន​ជុំវិញ​ពិភព​លោក​និយម​ទទួល​ទាន​ ដោយ​ហេតុ​ថា​វា​អាច​យក​ទៅ​ច្នៃ​ធ្វើ​ជា​អាហារ​បាន​ច្រើន​មុខ​ច្រើន​បែប​ ។ ក្រៅ​ពី​មើម​ ស្លឹក​របស់​វា​ក៏​ត្រូវ​គេ​យក​ទៅ​ប្រើ​ជា​បន្លែ​ផង​ដែរ។ ស្លឹក​ត្រាវ​ត្រូវ​គេ​ជឿ​ថា​សម្បូរ​ទៅ​ដោយ​វីតាមីន​ A និង C ។

មើម​ត្រាវ​មិន​អាច​ទទួល​ទាន​បាន​ទាំង​ឆៅ​ទេ​ គេ​ត្រូវ​តែ​យក​វា​ទៅ​ចម្អិន​ដោយ​ហ្មត់​ចត់​ដើម្បី​លាង​ជម្រះ​ឱ្យ​អស់​សារ ធាតុ​កាល់​ស្យូម​ Oxalate (ដែល​អាច​នាំ​ឱ្យ​កើត​ក្រួស​ក្នុង​តម្រង​នោម​ និង​ហើម​ប៉ោង​លើ​ម្រាម​មេ​ជើង​) ។ ឯ​ស្លឹក​របស់​វា​ក៏​ដូច​គ្នា​ដែរ​ គឺ​ត្រូវ​តែ​ចម្អិន​ឱ្យ​ឆ្អិន​ជា​មុន​សិន​ ទើប​អាច​ទទួល​ទាន​បាន​ ។

តើ​មើម​ត្រាវ​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខ​ភាព​ ?
មើម​ត្រាវ​ ជា​រឿយៗ​ត្រូវ​ប្រើ​វិធី​ចម្អិន​ និង​ការ​ទទួល​ទាន​ប្រហាក់​ប្រហែល​នឹង​ដំឡូង​បារាំង​ ប៉ុន្តែ​វា​មាន​បរិមាណ​សារ​ធាតុ​ចិញ្ចឹម​ច្រើន​ជាង​ដំឡូង​ ។ ចំណែក​សារ​ធាតុ​សរសៃ​ដែល​មាន​សារ​សំខាន់​សម្រាប់​ការ​រំលាយ​អាហារ​ ក៏​ដូច​ជា​រក្សា​លំនឹង​មាន​ច្រើន​ជាង​ដំឡូង​បារាំង​ជិត​៣​ដង​ ។ បន្ថែម​ពី​លើ​នេះ​ទៀត​ សារ​ធាតុ​សរ​សៃ​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ទទួល​ទាន​ឆ្អែត​បាន​យូរ​ តែ​មាន​កាឡូរី​តិច​តួច​ ។ ចំណែក​សារ​ធាតុ​ស្ករ​ (GI) មើម​ត្រាវ​មាន​តិច​តួច​បំផុត​ ផ្ទុយ​ពី​ដំឡូង​បារាំង​ដែល​មាន​សារ​ធាតុ​នេះ​ខ្ពស់​ ។ GI ទាប​មាន​ន័យ​ថា​ មើម​ត្រាវ​ប៉ះ​ពាល់​លើ​កម្រិត​ស្ករ​ក្នុង​ឈាម​យ៉ាង​យឺត​  បំផុត ។ ទទួល​ទាន​បណ្តា​អាហារ​ដែល​មាន​ GI ទាប​ អាច​ទប់​ស្កាត់​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ។ ក្រៅ​ពី​នេះ​ មើម​ត្រាវ​ក៏​ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ប៉ូ​តាស្យូម​ ដែល​ជា​រ៉ែ​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់​មុខ​ងារ​រាង​កាយ​ច្រើន​ ។​ ដោយ​ឡែក​ បណ្តា​សារ​ធាតុ​មួយ​ចំនួន​ដូច​ជា​ កាល់​ស្យូម​ វីតា​មីន​ C វីតាមីន​ E និង​បណ្តា​វីតា​មីន​ B ក៏​ដូច​ជា​ម៉ាញ៉េ​ស្យូម​ ម៉ង់​កា​ណែស​ និង​ទង់​ដែង​ ក៏​មានច្រើន​នៅ​ក្នុង​មើម​ត្រាវ​ផង​ដែរ​ ។​

កត្តា​គួរ​ប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទាន​ត្រាវ ៖
ទទួល​ទាន​មើម​ត្រាវ​អាច​នាំ​ឱ្យ​កើត​ក្រួស​ក្នុង​តម្រង​នោម​ និង​បញ្ហា​សុខ​ភាព​ ផ្សេងៗ​ទៀត​ ប្រសិន​វា​មិន​​ត្រូវ​បាន​ស្ងោរ​ ចម្អិន​ឱ្យ​បាន​ត្រឹម​ត្រូវ​ (មាន​កំណត់​ម៉ោង) ។​ ម៉្យាង​វិញ​ទៀត​ គេ​គួរ​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ទុក​រយៈ​ពេល​១យប់​ ដើម្បី​កាត់​បន្ថយ​បរិមាណ​កាល់​ស្យូម​ Oxalate ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​ ត្រាវ​ពិត​ជា​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ដល់​សុខ​ភាព​ បើ​ប្រៀប​ធៀប​នឹង​ដំឡូង​បារាំង​ ។ មើម​ត្រាវ​១០០​ក្រាម​មាន​កាឡូ​រី​១៤២​ ខណៈ​ដំឡូង​១០០​ក្រាម​មានផ្ទុក​កាឡូរី​ត្រឹម​​៩៣ ៕

Music
Khmer Calendar