សារអេឡិចត្រូនិច
នី មុន្នីនាថ ឲ្យមេធាវីចូលបំភ្លឺជំនួសនៅតុលាការ អាច​ជា​ការ​គេច​វេះ​ទេ?​


សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តើម​នីតិ​វិធី​ត្រៀម​របស់​ខ្លួន​លើក​ដំបូង​លើ​បណ្ដឹង​លោក អ៊ឹង សូឡាង ប្ដឹង​អតីត​គូ​ដណ្ដឹង​របស់​ខ្លួន​គឺកញ្ញា នី មុន្នីនាថ ទាមទារ​ប្រាក់​ចំនួន ១២ម៉ឺន​ដុល្លារ កាល​ពី​រសៀល​ម្សិលមិញ​នេះ។

នីតិវិធី​លើក​ដំបូង​នេះ​ពុំ​មាន​វត្តមាន​តារា​សម្ដែង​រូប​នេះ​ចូលរួម​ទេ គឺ​មាន​តែ​មេធាវី របស់​កញ្ញា​តែ​ប៉ុណ្ណោះ។ យ៉ាង​ណា​ទាក់ទង​បញ្ហា​នេះ លោក មេធាវី រ៉ូ ប៊ីនណៃ បាន​និយាយ​ថា ករណី​នេះ តុលាការ​កំពុង​ចាត់​ការ​តាម​នីតិវិធី ពុំ​ទាន់​មាន​លទ្ធផល​យ៉ាង​​ណា​នោះ​ទេ តែ​លោក​បាន​បញ្ជាក់​ថា ពុំ​មាន​ករណី​ឆបោក ឬ​បណ្តឹង​ឆបោក​ប្រឆាំង​កូន​ក្តី​ខ្លួន ដូច​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ឡើយ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា កូន​ក្តី​ខ្លួន​ពុំ​បាន​គេច​វេេះ ឬ​មិន​ចង់​ចូល​បំភ្លឺ​នៅ​តុលាការ​ដូច​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​នោះ​ដែរ។ យោង​តាម​នីតិវិធី​ក្រម​រដ្ឋប្បវេណី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា មេធាវី​តំណាង​ដោយ​អាណត្តិ អាច​ឆ្លើយ​ជំនួស​កូន​ក្តី​បាន ដោយ​ពុំ​ចាំបាច់​មាន​វត្តមាន​របស់​គូ​ភាគី​ទេ ដូច្នេះ​មេធាវី អាច​ចូល​ជំនួស កញ្ញា នី មុន្នីនាថ គ្រប់​នីតិវិធី​របស់​តុលាការ​បាន មិន​ខុស​ច្បាប់ទេ។

ពុំទាន់​មាន​ប្រភព​ច្បាស់​ការ​ណា​មួយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា តើ​តុលាការ​នឹង​កោះ​ហៅ​គូ​ភាគី​លើក​ទី២ នៅ​ថ្ងៃ​ណា​ឡើយ។

យោង​តាម​ពាក្យ​បណ្ដឹង លោក អ៊ឹង សូឡាង បាន​ប្តឹង​ទាមទារ​សំណង​សរុប​មាន​ចំនួន ១២ម៉ឺនដុល្លារ ពីក​ញ្ញា នី មុន្នីនាថ ដោយ​ក្នុង​នោះ​លោក​បាន​ទាមទារ​ឲ្យ នី មុន្នីនាថ សង​ប្រាក់​ចំនួន ៧ម៉ឺនដុល្លារ និង​សំណង​ជំងឺ​ចិត្ត​ចំនួន ៥ម៉ឺន​ដុល្លារ។

ប្រភព៖ Sabay