សារអេឡិចត្រូនិច
អភិបាល​រាជធានី​ភ្នំពេញប្រមានដល់​ស្មៀន​ណា​ ដែលមិន​ស្ដាប់​ចៅសង្កាត់​នឹងត្រូវ​ដកតំណែង ​ ​


ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ស្មៀន​សង្កាត់​ទាំងអស់ ត្រូវតែ​ស្តាប់​តាម​ការណែនាំ​ការងារ​ពី​ចៅ​​សង្កាត់​តាម​ខណ្ឌ បើ​មិន​ដូច្នេះ​ទេ អស់លោក​ជា​ស្មៀន​នឹង​ប្រឈម នៃ​ការសុំ​ដកតំណែង​ពី​ក្រសួងមហាផ្ទៃ ដោយ​មិន​ទុក​ឲ្យ​បង្ក​ការ​ថ្នាំងថ្នាក់ ពី​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​នានា​នោះទេ​។​
​ ​
​ជាមួយគ្នានេះ​លោក​អភិបាល ក៏បាន​ជំរុញ​ឲ្យ​ចៅសង្កាត់ និង​មេ​ប៉ុស្តិ៍​យកចិត្ត​ទុក​លើ​ការងារ​ការពារ​សន្តិសុខ សុវត្ថិភាព​និង​ការសម្រួល​​ចរាចរណ៍​ជូន​ប្រជាព​រដ្ឋ​ឲ្យ​បានល្អ​ផងដែរ ដោយ​លោក​បាន​ជំរុញ​ឲ្យ​បង្កើត​វេន​យាម ជាប្រចាំ​នៅក្នុង​ភូមិ ចលនា​ប្រជាពលរដ្ឋ​និង​ព្រះ​​សង្ឃ​ឲ្យ​ចូលរួម​ផងដែរ​។​
​ ​
ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អភិបាលខណ្ឌ អភិបាលរងខណ្ឌ នាយក​រដ្ឋបាល​ខណ្ឌ ប្រធាន​មន្ទីរ ចៅសង្កាត់ និង​ស្មៀន​សង្កាត់ នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​សាលា​រាជធានី​ភ្នំពេញ​។​
​ ​
ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើងថា “…​កន្លងមកនេះ​បើតាម​អ្វីដែល​ខ្ញុំ បានទទួល​ព័ត៌មាន​នោះ គឺមាន​ស្មៀន​សង្កាត់​មួយចំនួន​នៅ​​រាជធានី​ភ្នំពេញ យើង​នេះ មិនសូវ​ស្តាប់​ចៅសង្កាត់​នោះទេ​ដោយ​អាង​ថា ខ្លួន​ជាម​ន្ត្រី​មាន​ក្របខណ្ឌ​របស់​ក្រសួងមហាផ្ទៃ​…​តែបើ​តាមពិត​​ទៅ​ស្មៀន​មាន​តួនាទី​គ្រាន់តែ​ជា​អ្នក កាន់​ត្រា អ្នកសរសេរ បំរើការ​ងារ​ឲ្យ​លោក​សង្កាត់​ប៉ុណ្ណោះ ដូច្នេះ​ទេ​ត្រូវតែ​ស្តាប់​ការណែនាំ​របស់​ចៅ​​សង្កាត់​ធ្វើយ៉ាងណា កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ ថ្នាំងថ្នាក់​ជាមួយ​ចៅសង្កាត់ ដោយសារតែ​ស្មៀន​មិន​បោះត្រា​លើ​លិខិតស្នាម​ជូន​ប្រជា​​ពលរដ្ឋ​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​របស់​ពួកគាត់ ដូច្នេះ​ស្មៀនត្រូវបំពេញ​ការងារ​ឲ្យ​បានល្អ​ទៅតាម​តួនាទី​របស់ខ្លួន​ពិសេស​ត្រូវ​​រួមគ្នា​ជាមួយ​ចៅសង្កាត់ ដើម្បី​បំរើ​ប្រជាពលរដ្ឋឲ្យ​សម​ទៅ​ហ្នឹងអ្វីដែល​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​…”​។​
​ ​
ឯកឧត្តម ឃួ​ង ស្រេង បាន​បន្ថែមថា បើ​ស្មៀន​មិន​ស្តាប់​ចៅសង្កាត់​ទេ ស្មៀន​អាច​ប្រឈម​នឹង​ការដកតំណែងដោយ ហេតុថា​រដ្ឋបាល​ខ​ណ្ឌ រដ្ឋបាល​រាជធានី មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ស្នើសុំទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ដកតំណែង​និង​តួនាទី​នេះ​។​ដូច្នេះ​ស្មៀន​មិនអាច​ធ្វើ​ព្យុះ​​ធ្វើ​ភ្លៀង​ស្រេច តែ​ចិត្ត​នោះទេ​។ ដោយឡែកលោក​មេ​ប៉ុស្តិ៍​ក៏ត្រូវ​ស្តាប់​ចៅសង្កាត់​ដែរ ដោយ​លោក​មេ​ប៉ុស្តិ៍​ស្ថិតក្រោម​គណៈបញ្ជាការ​​ឯកភាព​សង្កាត់ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ចៅសង្កាត់​ត្រូវតែ​ស្អាតស្អំ​ដែរ​៕​