សារអេឡិចត្រូនិច
កម្ពុជា​បង្កើត​តំបន់​ចំនួន​ពីរ​ក្នុង​ខេត្តកំពង់ឆ្នាំង​និង​ខេត្តក្រចេះ​ជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​


​យោងតាម​សំណើ​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​កន្លងទៅនេះ​បានចេញ អនុក្រឹត្យ​ចំនួន​ពីរ​ស្តីពី​ការបង្កើត​តំបន់​«​សសរស្តម្ភ​សត្វ​តោ​»​និង​«​ភ្នំ​នា​ងក​ង្រី​-​ភ្នំ​ទូក​មាស​» រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បង្កើត​តំបន់​ទាំងនោះ​ទៅជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ដែលមាន​ផ្ទៃដី​សរុប​ជិត ៦​ពាន់​ហិកតា (៥.៩០២​ហិកតា​) ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​។​

​សូមបញ្ជាក់ថា តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​«​ភ្នំ​នា​ងក​ង្រី​-​ភ្នំ​ទូក​មាស​» មាន​ផ្ទៃដី​៥.០៦៣​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រងិល ឃុំ​ពោធិ៍ ឃុំ​ច្រ​ណូ​ក ឃុំ​ដារ​និង​ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្ត កំពង់ឆ្នាំង​។​ដោយឡែក​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​«​សសរស្តម្ភ​សត្វ​តោ​» មាន​ផ្ទៃដី​សរុប​៨៣៩ ស្ថិតក្នុង ភូមិសាស្ត្រ​ស្រុក​សំបូរ ខេត្តក្រចេះ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ទទួលបាន​ពី​ក្រសួងបរិស្ថាន​ឲ្យ​ដឹងថា ការបង្កើត​តំបន់ ប្រើប្រាស់​ច្រើនយ៉ាង​ទាំងពីរ​នេះ មាន​គោលបំណង​ចំនួន​៥​ចំណុច​ធំៗ ទី​១.​ដើម្បី​ធានាឱ្យមាន​ការ ថែទាំ​ទីជម្រក​និង​ស្ថិរភាព​នៃ​ប្រពន្ធ​អេកូឡូស៊ី​សារព័ន​មជ្ឈដ្ឋាន​ធម្មជាតិ​សត្វព្រៃ​រុក្ខជាតិ​សម្រាប់​យូរ អង្វែង​។

​ទី​២.​រក្សា​លំនឹង​បរិស្ថាន​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​និង​រួមចំណែក​ធនធានធម្មជាតិ និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ​។​ទី​៣​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​រប​ស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​អ្នកពាក់ព័ន្ធ​ក្នុងការ​ថែរក្សា​ការពារ​អភិរក្ស​និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ដោយ​និរន្តរភាព​។​ទី​៤​បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ការពារធម្មជាតិ​សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់​និង​ទី​៥​ផ្តល់​ផលិតផល​និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​របស់​សហគម​ន៍​។​

​គួរ​កត់សំគាល់ថា តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំដៅ​ដល់​តំបន់​ក្នុង​ដែនដី​គោក និង​/​ឬ​ដែនទឹក ដែល​ក្នុងនោះ​មាន​សម្បូរ​ណ៍​ដោយ​ប្រព័ន្ធ​ធម្មជាតិ​ដែល​ពុំទាន់​រង​ការបំផ្លិចបំផ្លាញ​និង​តម្រូវឱ្យមាន សកម្មភាព​គ្រប់គ្រង​ដើម្បី​ធានា​ការការពារ​ការថែទាំ​ធនធាន​ជីវៈចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់ ពេល​យូរអង្វែង​។ ​ទន្ទឹមនឹង​នេះដែរ​វា​អាច​ផ្តល់​ផលិតផល​និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់ តាម​តម្រូវការ​របស់​សហគម​ន៍​។​​ដោយឡែក នៅក្នុង​អនុក្រឹត្យ​ដែលមាន​ហត្ថលេខា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​- មន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ​និង​គ្រប់គ្រង​តំបន់​ប្រើប្រាស់​ច្រើន យ៉ាងនេះ ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋបាលខេត្ត​និង​កងកម្លាំងប្រដាប់អាវុធ​មាន សមត្ថកិច្ច​ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន​ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​ជីវៈចម្រុះ​និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។​

​សូមបញ្ជាក់​ទៀតថា ប្រព័ន្ធ​ការពារ​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​តំបន់ការពារធម្មជាតិ ចំនួន​៥០​កន្លែង​ដោយ​បូក​បញ្ចូល​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​«​ភ្នំ​នា​ងក​ង្រី​-​ភ្នំ​ទូក​មាស​» និង​«​សសរស្តម្ភ​-​សត្វ​តោ​» និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ចំនួន​បី​កន្លែង ដែល​គ្រប់​ដណ្តប់ លើ​ផ្ទៃដី​ប្រមាណ​៧,៥​លាន​ហិកតា ស្មើនឹង​៤១​ភាគរយ​នៃ​ផ្ទៃដី​ទូទាំងប្រទេស​៕