សារអេឡិចត្រូនិច
កូននាយ​ក្រឹម ទម្លាយ​រឿង​ឪពុក​ឈប់​ផ្គត់ផ្គង់​គ្រួសារ​ច្រើន​ឆ្នាំ​មកហើយ​


កន្លង​មក​នាយ ក្រឹម ធ្លាប់​​និយាយ​ថា ទោះ​បី​ជា​​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ ស្រីលាភ ហៅ​នាងព្រលឹតក្ដី​​​ ខ្លួន​នៅ​តែ​ជួយ​ទំនុក​បម្រុង​ភរិយា​​ដើម ព្រម​ទាំង​​កូន​ៗ​ជា​និច្ច​ ក្នុង​នាម​​ជា​ឪពុក និង​ជា​មេ​គ្រួសារ​។ ខុស​ស្រលះ​ពី​ការ​លើក​ឡើង​របស់​នាយ ក្រឹម ​​​ទាំង​ស្រុង​​ ខណៈ​កូន​ប្រុស​ពៅ​​​ឈ្មោះ  អ៊ូ ដានីញ៉ែល  បាន​ចេញ​មុខ​ច្រាន​ចោល​​ និង​បាន​បដិសេធ​ថា ជាង​៣​ឆ្នាំ​មក​ហើយ​ដែល​ឪពុករបស់​ខ្លួន​មិន​សូវ​អើ​ពើ​​ រវីរវល់​ជា​មួយ​ប្រពន្ធ​កូន​។ ចំណែក​ឯ​​ការ​ចាយ​វាយ​រៀន​សូត្រ​វិញ​​​ ចាប់​តាំង​ពី​ឆ្នាំ ២០១៤ មក​ គឺ ដានីញ៉ែល និង​ម្ដាយ​ប្រឹង​ប្រែង​រក​ដោយ​ខ្លួន​ឯង​​ទាំង​អស់​ មិន​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក ឪពុក​ ដូច​មុន​ទៀត​​ទេ​។

ជាមួយ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ ព្រោះ​តែ​គ្រួសារ​ខ្វះ​ភាព​កក់​ក្ដៅ​​​ដូច​ពេល​មុន​ អ៊ូ ដានី​ញ៉ែល បាន​និយាយ​ថា​៖​" មិន​មែន​ទើប​តែ​ឥឡូវ​នេះ​ទេ​ដែល​ប៉ា​ខ្ញុំ​ គាត់​មិន​ខ្វាយ​ខ្វល់​ជាមួយ​ប្រពន្ធ​កូន ។ និយាយ​ទៅ​តាំង​ពី​ឆ្នាំ ២០១៤ ក្រោយ​ពី​គាត់​មាន​ទំនាក់​ទំនង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​ស្រី​លាភ ពេល​ហ្នឹង​លុយ​ខ្ញុំ​រៀន និង​ផ្ដល់​ឲ្យ​ម៉ាក់​ដូច​មុន​ គឺ​អត់​ទេ​"។

ក្រោយ​ពី​ផ្ទុះ​ជម្លោះ​ប្ដឹង​ផ្ដល់​រវាង​ម្ដាយ​លោក​ និង​ស្រីលាភ កាល​ពី​ខែ​សីហា​កន្លង​ទៅ​ នាយ​ក្រឹម​បាន​ទៅ​ស្រែក​នៅ​ផ្ទះ​ធ្លាប់​រស់​សោយ​សុខ​ជា​មួយ​ប្រពន្ធ​កូន​​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ​​​ខ្លួន​ឈប់​មក​ជាន់​ផ្ទះ​ហ្នឹង​ទៀត​ហើយ​។ នេះ​បើ​តាម​កូន​ប្រុស​ពៅ នាយ ក្រឹម លើក​ឡើង​ដូច្នេះ​។

កូននាយបន្ថែមថា​៖​"​ ចាប់​តាំង​​ពី​គាត់​បោះ​ពាក្យ​សម្ដី​បែប​ហ្នឹង​មក គាត់​មិន​ដែល​មក​ជាន់​ផ្ទះ​ដែល​ខ្ញុំ និង​ម៉ាក់​រស់​នៅ​ទៀត​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដែល​បាន​ជួប​មុខ​គាត់​ទៀត​ដែរ​ បើ​ជួប​វិញ​ក៏​គាត់​មិន​និយាយ​រក​ខ្ញុំ​ដែរ​"។

ចំណែកនាយ ក្រឹម វិញ​នៅ​តែ​អះ​អាង​ថា រាល់​​ការ​ចាយ​វាយ​រៀន​សូត្រ​​នៅ​ក្នុង​ផ្ទះ​សព្វ​ថ្ងៃ​ លោក​នៅ​តែ​ផ្គត់​ផ្គង់​ឲ្យ​ប្រពន្ធ​កូន​ដដែល​ មិន​ដែល​ឲ្យ​ខ្វះ​ខាត​អ្វី​នោះ​ទេ គ្រាន់​តែ​ថា​មួយ​រយៈ​​ចុង​ក្រោយ​នេះ​​ខ្លួន​បែងចែក​ពេល​វេលា​ខ្លះ​ដើម្បី​​ទៅ​មើល​​ថែ​ស្រី​លាភ​ ​និង​កូន​ភ្លោះ​ទាំង​ពីរ​។ នាយក្រឹម​ថា ចំពោះ​ពាក្យ​សម្ដី​ដែល​កូន​ប្រុស​​ហ៊ាន​ប្រើ​ដូច្នេះ​មក​លើ​ខ្លួន ដោយ​សារ​តែ​មាន​អ្នក​ចាំ​អុជអាល​នៅ​ពី​ក្រោយ​ខ្នង​តែ​ប៉ុណ្ណោះ៕​