សារអេឡិចត្រូនិច
អ្នកភូមិ​នាំគ្នា​ចាប់​ត្រី និង​អន្ទង់ ដែលហូរ​តាម​ខ្សែទឹក ខណៈ​ភ្នំភ្លើង​បាលី​រៀបចំ​ផ្ទុះ​


នៅ​ថ្ងៃ​អង្គារ​នេះ ត្រី​និង​អន្ទង់​រាប់រយ​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ ហូរ​តាម​ទន្លេ Unda ចុះ​ពី​ភ្នំភ្លើង Agung ដែល​បាន​បាញ់​ផ្សែងខ្មៅ និង​ផេះ​ចាប់តាំងពី​សប្ដាហ៍​មុន រហូតមកដល់​ថ្ងៃនេះ និង​បង្កើត​ឲ្យ​មានការ​ប្រកាសអាសន្ន​កាន់តែ ខ្លាំង​ឡើង​កាលពី​ថ្ងៃ​ចន្ទ​។​

តាមរយៈ​រូបភាព​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook ដោយ​គណនី​ឈ្មោះ Ary Kencana បានបង្ហាញ​ពី​រូបភាព​អ្នកភូមិ​ជាច្រើន​នាក់ កំពុងកាន់​ត្រី​និង​អន្ទង់​នៅ​ទន្លេ Unda នៃ​កោះ​បាលី​។ គណនី Kencana បានសរសេរ ថា ត្រី​និង​អន្ទង់​ទាំងនោះ បាន​ងាប់​ដោយសារ​ទឹកទន្លេ​បាន​លាយឡំ​ជាមួយ​ភក់ និង​កម្ទេច​ភ្នំភ្លើង​។​

បន្ទាប់ពី​រូបភាព​របស់ Kencana បាន​រីក​រាលដាល​ដោយ​ការចែករំលែក​ជាង ៣​ពាន់​ដង Kencana បាន​ជំរុញ​ឱ្យ​អ្នកលេង​អ៊ីនធឺណិត ធ្វើការ​ទាក់ទង​ជាមួយ​ភ្នាក់ងារ​ក្នុងស្រុក​ដែល​ពាក់ព័ន្ធ ដើម្បី​ព្យាយាម​រក​ដំណោះស្រាយ​ចំពោះ​ត្រី​ទាំងនោះ​។​

អ្នកនាំពាក្យ​របស់​ភ្នាក់ងារ​កាត់បន្ថយ​គ្រោះមហន្តរាយ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ព្រមាន​ថា ប្រជាជន​មិន​ត្រូវមាន​សកម្មភាព​ជុំវិញ​ទន្លេ ឬ​ក្នុង​រយៈ​ចម្ងាយ ៨ ដល់​១០​គីឡូម៉ែត្រ​នោះទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់ ហើយ​ប្រជាជន​ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ឲ្យ​ទាន់ពេលវេលា​។​

ប៉ុន្តែ​នៅពេល​ឃើញ​ត្រី និង​អន្ទង់​ហូរ​តាម​ទន្លេ ប្រជាជន​មិន​ត្រឹមតែ​មិនបាន​ធ្វើតាម​ការព្រមាន​ប៉ុណ្ណោះ​ទេ តែ​បែរជា​នាំគ្នា​យក​សំណាញ់​មក​បង់​ត្រី និង​អន្ទង់ ដោយ​មិន​គិតពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ទៅវិញ​៕