សារអេឡិចត្រូនិច
ឆ្នាំ២០២០ ចិននឹងក្លាយជា «ទីផ្សារ​ភាពយន្ត ធំជាងគេបំផុត​លើលោក»


ប៉េកាំង៖ ដល់​ឆ្នាំ២០២០ ប្រទេសចិន​ត្រូវគេរំពឹងថា នឹងមានខ្សែភាពយន្ត​សរុបដល់​ជាង ៦០,០០០រឿង ដាក់បញ្ចាំង​នៅក្នុង​រោងកុន​ ដែលប្រការនេះ​នឹងធ្វើឲ្យចិន ក្លាយជា​ទីផ្សារ​ភាពយន្តធំជាងគេ​បំផុតលើ​ពិភពលោក។ នេះបើតាមការ​លើកឡើង​របស់មន្រ្តី​ នៃទីភ្នាក់​ងារ​គ្រប់​គ្រង​ប្រព័ន្ធផ្សព្វ​ផ្សាយ​ចិន SAPPRFT ដែលត្រូវបានស៊ីនហួរ ដកស្រង់នៅព្រឹក ថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

បើតាម​លោក Zhang Hongsen អគ្គនាយករង​នៃទីភ្នាក់ងារ SAPPRFT នៅឆ្នាំ២០២០ ចិនត្រូវគេរំពឹងថា នឹង ផលិតភាពយន្ត​បាន​ចំនួន​​​​ប្រមាណ ៨០០រឿង ក្នុងមួយឆ្នាំៗ ហើយប្រអប់​ចំណូល​ភាពយន្តប្រចាំឆ្នាំ នឹង​​កើនដល់ ៧០ពាន់លានយ័ន ស្មើនឹង ១០.៦ពាន់​លានដុល្លារ។ លោក Zhang បានបន្ត​ថា «វាអាចទៅរួច​ដែលថា ប្រទេសចិន នឹងក្លាយជា​មជ្ឈមណ្ឌល​ផលិតខ្សែភាពយន្ត​ថ្មី​​​របស់​​​ពិភពលោក»

យើងតាមទីភ្នាក់ងារ​ខាងលើ ប្រអប់ចំណូល​ឆ្នាំ២០១៧របស់ចិន បានកើនលើស​ពី ៥០ពាន់លានយ័ន (៧.៦ពាន់​លានដុល្លារ) កាល​ពី​សប្តាហ៍មុន ដោយវា​គឺជាលើកដំបូង ដែលមហាយក្សនៅ​អាស៊ី​មួយនេះ បានបំបែក​កំណត់ត្រា ៥០ពាន់លានយ័ននេះ។ម៉្យាងវិញ​​ទៀត សម្រាប់ភាពយន្ត​ក្នុងស្រុកតែ​ឯងវិញ បានចូលរួមចំណែក ២៦.២ពាន់លាន យ័ន ដែលស្មើនឹង ៥២.៤ភាគរយ នៃចំណូលសរុប។

គួរជម្រាបថា សម្រាប់​ឆ្នាំនេះ​ភាពយន្តបរទេស​មួយចំនួន ដូចជា​រឿង Dangal របស់ឥណ្ឌា ទទួលបានប្រជាប្រិយភាព​ខ្ពស់ នៅក្នុង​​ប្រទេសចិន​ជាជាងប្រទេសរបស់ពួកគេ​ផ្ទាល់ ដែលជាហេតុ​បណ្តាលឲ្យចិន ក្លាយជាទីផ្សារ​ដ៏គួរឲ្យទាក់ ទាញខ្លាំងឡើងៗ សម្រាប់ក្រុមផលិត​ករភាពយន្ត​នៅឯក្រៅ​ប្រទេស៕