សារអេឡិចត្រូនិច
រដ្ឋាភិបាលអូស្ត្រាលីប្រកាស កាត់ផ្តាច់ជំនួយមនុស្សធម៌ទាំងអស់ ទៅកូរ៉េខាងជើង


សេអ៊ូល៖ នៅទីបំផុត​រដ្ឋាភិបាលអូស្រ្តាលី​ បានសម្រេចចិត្ត​កាត់ផ្ដាច់ការ​ផ្ដល់ជំនួយ​មនុស្សធម៌​ សម្រាប់កូរ៉េខាងជើង ដោយសារតែបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងការគ្រប់គ្រងកម្មវិធីផ្តល់ជំនួយ។ ប៉ុន្តែព្រមពេល​ជាមួយគ្នា ក្រុមអ្នកជំនាញ ខ្លះ​យល់ថា ការសម្រេចចិត្តបែបនេះ​ទំនងជាអាច​មានជាប់ពាក់ព័ន្ធ​នឹង កម្មវិធីមីស៊ីល​ឆ្លងទ្វីប និងអាវុធ​នុយក្លេអ៊ែរ​ នៃរបបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង។ នេះបើតាម ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងសារ​អេឡិចត្រូនិច កាលពី​ថ្ងៃអាទិត្យ អ្នកនាំពាក្យ​ក្រសួងការបរទេស​អូស្ត្រាលី បានបញ្ជាក់ថា រដ្ឋាភិបាល​ទីក្រុង​កង់បេរ៉ា បានសម្រេចចិត្ត​កាត់ផ្ដាច់​ជំនួយ បន្ទាប់ពីខ្លួន​បានផ្ដល់ ជំនួយដល់​កូរ៉េខាងជើង សម្រាប់គំរោង​អាហារ រូបត្ថម្ភ​កាលពី​ឆ្នាំ២០១៦ ដែលដំណើរការ​ដោយ កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP)។ ក៏ប៉ុន្តែ ការសម្រេច​ចិត្ត ផ្អាក​ការផ្ដល់​ជំនួយមនុស្សធម៌បែបនេះ គឺដោយសារ​តែ​គ្មានលទ្ធភាព​ក្នុងការត្រួតពិនិត្យ ការផ្ដល់ជំនួយ​មនុស្សធម៌ នៅក្នុងប្រទេស​កុម្មុយនីស្តមួយនេះ។

គួរបញ្ជាក់ថា អូស្ត្រាលី​បានពង្រីក​ការផ្ដល់ជំនួយដល់​កូរ៉េខាងជើង តាមរយៈអង្គការ​សហប្រជាជាតិ ចាប់តាំង​ពីឆ្នាំ ២០០២មក ហើយគិតជា​ទឹកប្រាក់ដែល​ទីក្រុង​កង់បេរ៉ា ផ្ដល់ឱ្យ WFP មានចំនួន ២.៣លានដុល្លារ ដើម្បីជួយ​សង្រ្គោះ ដល់​កុមារកូរ៉េខាងជើង ដែលជួបបញ្ហា​កង្វះអាហារ​រូបត្ថម្ភ ជារៀងរាល់ឆ្នាំ​នៅចន្លោះពី​ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦៕