សារអេឡិចត្រូនិច
ប្រធានាធិបតីប្រេស៊ីល លោក Michel Temer ចេញពីមន្ទីរពេទ្យ ក្រោយ វះកាត់ដោយជោគជ័យ


រីយ៉ូ៖ ប្រធានាធិបតីប្រេស៊ីល លោក Michel Temer នៅថ្ងៃចន្ទ​សប្តាហ៍នេះ បានចាកចេញពី​មន្ទីរពេទ្យ Sirio-Libanes នៅក្នុងទីក្រុង​សៅប៉ូឡូហើយ បន្ទាប់ពីបានទទួលការវះកាត់​ព្យាបាលជំងឺ​បេះដូង ប្រកបដោយជោគជ័យ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Temer ត្រូវបានបញ្ជូនទៅ​កាន់មន្ទីរពេទ្យ កាលពីថ្ងៃសុក្រ​សប្តាហ៍មុននេះ ដើម្បីធ្វើការ​វះកាត់សរសៃឈាម​ក្នុងបេះដូងចំនួនបីលើក និងធ្វើការលាង​សម្អាតសរសៃឈាម​​បេះដូង​មួយចំនួន ដើម្បីកុំឲ្យមាន​ការរាំងស្ទះ​សាជាថ្មី។ ក្រុមគ្រូពេទ្យក្នុង​ទីក្រុងសៅប៉ូឡូ​បានអះអាងថា ក្រោយពីប្រធានាធិបតី​វ័យ ៧៧ឆ្នាំ ដ៏ចំណាស់រូបនេះ​ទទួលការវះកាត់​រយៈពេល ៩០នាទី លោកអាច​សម្រាកព្យាយាម​ឲ្យជំងឺឆាប់សះស្បើយ និងទទួលបានសុខភាពល្អ​ប្រសើរឡើងវិញ។

គួរបញ្ជាក់ថា លោក Michel Temer បានឡើង​កាន់តំណែង ជាប្រធានាធិបតី​ប្រេស៊ីល​ កាលពីចុង​ឆ្នាំ២០១៦ បន្ទាប់ ពី​លោកស្រី ឌីម៉ា រួសេហ្វ អតីត​ប្រធានាធិបតី​ត្រូវបានសភា​​សម្រេច​ទម្លាក់ចេញពី​តំណែង ពាក់ព័ន្ធនឹង​អំពើពុករលួយ  ខណៈ​លោក Temer កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ ក៏មានប្រជាជនប្រេស៊ីលជាច្រើន​នាក់​បានបង្ហោះសារ និង ប្រមូលផ្តុំគ្នា​​ក្បែរមន្ទីរ​ពេទ្យ ដើម្បីជូនពរ​លោក ឲ្យឆាប់ជាសះស្បើយ​ផងដែរ៕