សារអេឡិចត្រូនិច
លោក ដូណាល់ ត្រាំ បង្ហោះសារព្រលះ CNN សាជាថ្មី


វ៉ាស៊ីនតោន៖ សង្រ្គាមពាក្យ​សម្ដីរវាង លោក ដូណាល់ ត្រាំ និងស្ថានីយ​ទូរទស្សន៍ CNN មិនទាន់បញ្ចប់​នៅឡើយ​នោះទេ។ ប្រធានាធិបតីអាមេរិក​រូបនេះ ដែលមិនបាន​លាក់បាំងពី ភាពស្អប់ខ្ពើម​របស់លោក​ចំពោះ CNN បានបង្ហោះ​សារនៅលើ Twitter កាលពី​ថ្ងៃសៅរ៍ ដោយចោទថា ស្ថានីយ៍ទូរទស្សន៍​អាមេរិកមួយនេះ​ គឺជាកន្លែងផ្តុំព័ត៌មាន​ក្លែងក្លាយ។ នេះបើ តាមការចេញ​ផ្សាយដោយ​ សារព័ត៌មាន CNN​ នៅរសៀលថ្ងៃចន្ទ​ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងនៅលើ Twitter​ លោក ដូណាល់ ត្រាំ បានលើក​ឡើងយ៉ាងដូច្នេះថា «Fox News គឺមានសារៈ​សំខាន់ជាង CNN នៅក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែនៅខាងក្រៅ​សហរដ្ឋអាមេរិក CNN International នៅតែជាប្រភព​ព័ត៌មាន ក្លែងក្លាយ​ដ៏ធំ ដែលតំណាង​ឱ្យភាពអាក្រក់​របស់យើងនៅលើ​ពិភពលោក... ពិភពលោកខាងក្រៅ​មិនអាចមើលឃើញ​ការពិត តាមរយៈពួកគេ (CNN) នោះទេ»។

ប៉ុន្តែជាការ​ឆ្លើយតប ស្ថានីយទូរទស្សន៍ CNN បាន​និយាយថា រឿងតំណាងឱ្យ​សហរដ្ឋអាមេរិក មិនមែនជាកិច្ចការ របស់ខ្លួនឡើយ។ «វាមិនមែនជា​ការងាររបស់ CNN តំណាងឱ្យ សហរដ្ឋអាមេរិក​នៅលើពិភពលោក​នោះទេ តែវា គឺជាការងារ​របស់អ្នក (លោក ដូណាល់ ត្រាំ) ការងាររបស់​យើង គឺបញ្ជូនព័ត៌មានតែ​មួយគត់»។ នេះ​បើតាមស្ថានីយ៍​ទូរទស្សន៍ CNN​៕