សារអេឡិចត្រូនិច
ចិន​នឹង​ដើរតួនាទី​ស្ថាបនា​ក្នុង​ដំណើរការ​សន្តិភាព​រប​ស់មី​យ៉ាន់​ម៉ា​


លោក ស៊ី​ជីន​ពីង ប្រធានាធិបតី​ចិន បាន​និយាយ កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ចិន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ដំណើរការ​សន្តិភាព​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​មាន​ឆន្ទៈ​ក្នុងការ​ដើរតួនាទី​ស្ថាបនា​ក្នុង​បញ្ហា​នេះ​សម្រាប់​សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​ព្រំដែន​របស់ខ្លួន​។​

​លោក ស៊ី​ជីន​ពីង បានធ្វើការ​កត់សម្គាល់​ដូចនេះ​នៅ​ទីក្រុង​ប៉េកាំង ខណៈដែល​លោក​បាន​ជួប​ជាមួយ លោក មីន អ៊ុង​លាំង អគ្គមេបញ្ជាការ​កងទ័ព​នៃ​ក្រសួងការពារជាតិ​មី​យ៉ាន់​ម៉ា​។​

​លោក ស៊ី​ជីន​ពីង ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បាន​និយាយថា សមាជជាតិ​លើក​ទី​១៩ បានរៀបចំ​ផែនការ​សម្រាប់​កំណែទម្រង់សេដ្ឋកិច្ច​និង​សង្គម​របស់​ប្រទេស​ចិន​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ដែល​នឹងមិន​ត្រឹមតែ​ផ្តល់នូវ​កម្លាំង​ដ៏​សំខាន់​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នាំមក​នូវ​ឱកាស​ថ្មីៗ​ទៅដល់​បណ្តា​ប្រទេស​ដទៃទៀត​នៅ​ទូទាំង​ពិភពលោក​ដោយ​រួមទាំង​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​។​

​លោក ស៊ី​ជីន​ពីង បាន​និយាយថា មិត្តភាព​រវាង​ប្រទេស​ទាំង​២ មាន​ប្រវត្តិសាស្ត្រ​យូរអង្វែង​ហើយ លោក​បាន​បន្ថែមថា ប្រទេស​ចិន​និង​មី​យ៉ាន់​ម៉ា​គួរតែ​បង្កើន​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​និង​យកចិត្តទុកដាក់​គ្នា​ទៅវិញទៅមក​។​

​លោក​ស៊ី​ជីន​ពីង​បាន​ថ្លែង​កត់សម្គាល់ថា​ទំនាក់ទំនង​យោធា​រវាង​ចិន​និង​មី​យ៉ាន់​ម៉ា​ស្ថិតក្នុង​ដំណាក់កាល​ដ៏​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ លោក​បាន​បន្ថែមថា​រដ្ឋា​ភិ​បាល​ចិន​គាំទ្រ​កង​យោធា​ទាំង​២​ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​គ្រប់​វិស័យ​ហើយ​សង្ឃឹមថា​កងទ័ព​ទាំង​២​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការរក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។​

​លោក អ៊ុង​លាំង បាន​និយាយថា ប្រទេស​ចិន​និង​មី​យ៉ាន់​ម៉ា​គឺជា​ប្រទេសជិតខាង​ជិតស្និទ្ធ​។ ប្រទេស​មី​យ៉ាន់​ម៉ា​បាន​កោតសរសើរ​ចំពោះ​ជំនួយ​របស់​ប្រទេស​ចិន​ក្នុងការ​កសាង​ជាតិ និង​ជួយ​ផ្នែក​យោធា និង​អរគុណ​ប្រទេស​ចិន​ចំពោះ​ការគាំទ្រ​ដល់​ដំណើរការ​សន្តិភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​៕