សារអេឡិចត្រូនិច
ការវាយប្រហារ​ដោយ​គ្រាប់បែក ​និង​គ្រាប់កាំភ្លើង​ទៅលើ​ព្រះវិហារ​អ៊ីស្លាមនៅ​អេ​ហ្ស៊ី​ប មនុស្ស ២៣៥នាក់ស្លាប់


ក្រុម​ជន​វាយប្រហារ​ជាច្រើន​នាក់​បានសម្លាប់​អ្នក​គោរពបូជា​ព្រះ​យ៉ាងតិចណាស់ ២៣៥នាក់​ កាលពី​ថ្ងៃ​សុក្រ​ ទី ២៤ វិច្ឆិកា​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ និង​គ្រាប់កាំភ្លើង ​ទៅលើ​ព្រះវិហារ​អ៊ីស្លាម​មួយ​នៅ​ខេត្ត​ស៊ី​ណៃ​ របស់​អេ​ហ្ស៊ី​ប ដែលជា​ការវាយប្រហារ​សម្លាប់​មនុស្ស​ច្រើនជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​នៃ​ប្រទេស​នេះ​។​

​ក្រុមមន្ត្រី​បាន​និយាយថា គ្រាប់បែក​មួយ​បាន​ផ្ទុះឡើង​នៅ​ទូទាំង​វិហារ​អ៊ីស្លាម​ឈ្មោះ រ៉​ដា (Rawda) ស្ថិតនៅ​ប្រហែល ៤០ គីឡូម៉ែត្រ​ពី​ភាគ​ខាងលិច​នៃ​ទីក្រុង​អែល​ណាយ (El Nay) នៃ​ខេត្ត​ស៊ី​ណៃ មុនពេល​ខ្មាន់កាំភ្លើង​បើក​ការបាញ់ ប្រហារ​ទៅលើ​អ្នក​ថ្វាយបង្គំ​ព្រះ​ដែល​ប្រមូល​ផ្តុំគ្នា​សម្រាប់​ការ​អធិស្ឋាន​រាល់ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​។​

​សាក្សី​បាន​និយាយថា ជន​វាយប្រហារ​ទាំងនោះ​បាន​ឡោមព័ទ្ធ​ព្រះវិហារ​អ៊ីស្លាម​ជាមួយ​ម៉ូតូ​កង់​បួន បន្ទាប់មក​បាន​បង្កៃ គ្រាប់​បែក​នៅ​ខាងក្រៅ​។​ ​បន្ទាប់មក​ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​ក្រុម​អ្នក​ថ្វាយបង្គំ​ព្រះ​ដ៏​ភ័យ​ស្លន់ស្លោរ​ទាំងនោះ នៅ ពេល​ពួកគេ​ព្យាយាម​រត់គេចខ្លួន ហើយ​បាន​ប្រើប្រាស់​ម៉ូតូ​កង់​បួន​របស់​ពួកគេ ដែល​បាន​ដុត​ឱ្យ​ឆេះ​នោះ បិទផ្លូវ​ចេញ ចូល​ព្រះវិហារ​។​

​អ្នកនាំពាក្យ​កងទ័ព​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​យន្ដហោះ​កងទ័ពអាកាស​អេ​ហ្ស៊ី​ប​បាន​បំផ្លាញ​យានជំនិះ​ដែល​ត្រូវបាន​ប្រើ​នៅក្នុង​ការវាយប្រហារ​និង​ទីតាំង “​ភេរវជន​” ជា​កន្លែង​ដែល​អាវុធ​និង​គ្រាប់កាំភ្លើង​ត្រូវបាន​ស្តុក​ទុក​។​

​លោក​ថា​មឺ អែល រី​ហ្វៃ និយាយ​យ​ថា យន្តហោះ​បាន​បំផ្លាញ​យានជំនិះ​ជាច្រើន​ដែល​ត្រូវបាន​ប្រើ​នៅក្នុង​ការវាយ ប្រហារ​នោះ​។​

​ការិយាល័យ​រដ្ឋអាជ្ញា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មនុស្ស ២៣៥នាក់ ​ត្រូវបាន​សម្លាប់ និង ១០៩ នាក់​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ ដែលជា​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​ពីមុនមក​ក្នុងការ​បះបោរ​រយៈពេល ៤ឆ្នាំ ​ដោយ​ក្រុម​ជ្រុលនិយម​អ៊ីស្លាម​។​

​លោក​ម៉ា​ឌី​រី​ច ដែល​រងរបួស​ក្នុងការ​វាយប្រហារ​នោះបាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា ជន​វាយប្រ ហារ​ប្រដាប់អាវុធ​ចន្លោះ​ពី ១០ ទៅ ២០នាក់ “​បាន​ចូល​ព្រះវិហារ​អ៊ីស្លាម ដោយ​សម្លាប់​មនុស្ស​ច្រើនជាង​អ្នករបួស​” ។​

​លោក​និយាយថា “​ពួកវា​ពាក់​ម៉ាស​និង​ឯកសណ្ឋាន​យោធា​”​។ លោក​បាន​បន្ថែមថា តំបន់​នោះ​គឺ​សម្បូរ​ពួក​ស៊ូ​ហ្វី (Sufi) រស់នៅ​ច្រើន ដូច្នេះហើយ​ទើប​អ្នកស្រុក​នៅ​ទីនោះ​រមែង​ទទួល​ការ​គំរាម​ពី​ក្រុម​ជ្រុលនិយម​។​

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ចូល​ធ្វី​ត​ធើ (Twitter) ថ្កោលទោស “​ការវាយប្រហារ​ភេ​វរ​កម្ម​ដ៏​គួរឱ្យ ខ្លាច​និង​កំសាកញី​ទៅលើ​អ្នក​គោរពបូជា​សាសនា​ដែល​គ្មាន​កំហុស និង​គ្មាន​ការការពារ​”​។​

​លោក​ត្រាំ​និយាយថា “​ពិភពលោក​មិនអាច​អត់ទ្រាំ​នឹង​ក្រុម​ភេរវកម្ម​បានទេ យើង​ត្រូវតែ​កម្ចាត់​ពួកវា​តាមរយៈ​យោធា និង​បំបាក់​មនោគមន៍វិជ្ជា​ជ្រុលនិយម ដែល​បង្កើត​មូលដ្ឋាន​សម្រាប់​វត្តមាន​របស់​ពួកវា​!”៕