សារអេឡិចត្រូនិច
អតីត​ប្រធានាធិបតី​ស៊ីម​បា​វ៉េ លោក រ៉ូបឺត មួ​ហ្គា​បេ ត្រូវ​បានផ្តល់​អភ័យឯកសិទ្ធិ​ពី​ការកាត់ទោស​និង​ធានា


កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ ទី​២៣ ​វិច្ឆិកា​ថា អតីត​ប្រធានាធិបតី​ស៊ីម​បា​វ៉េ លោក រ៉ូបឺត មួ​ហ្គា​បេ ត្រូវ​បានផ្តល់​អភ័យឯកសិទ្ធិ​ពី​ការកាត់ទោស​និង​ធានាថា សុវត្ថិភាព​របស់គាត់​នឹងត្រូវ​បានការ​ពារ​នៅក្នុង​ប្រទេស​របស់គាត់ សម្រាប់​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដែលនាំឱ្យ​គាត់​លាលែង​ពី​តំណែង​។​

​លោក​មួ​ហ្គា​បេ ដែល​បាន​ដឹកនាំ​ស៊ីម​បា​វ៉េ​ពី​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៨០ បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​អង្គារ ទី​២១ វិច្ឆិកា បន្ទាប់ពី​កងទ័ព​បាន​កាន់កាប់​អំណាច និង​គណបក្សកាន់អំណាច​បាន​ងាក​មក​ប្រឆាំង​គាត់​។​

​លោក អេ​ម​មឺ​សុន ណា​ង​ហ្គា​ក​វ៉ា អតីត​អនុ​ប្រធានាធិបតី​ដែល​ត្រូវបាន​បណ្តេញ​ពី​តំណែង​ដោយ​លោក​មួ​ហ្គា​បេ​កាលពី​ដើមខែ​នេះ គ្រោង​នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​សុក្រ​ទី​២៤​វិច្ឆិកា​នេះ​។​

​ប្រភព​រដ្ឋាភិបាល​បាន​និយាយថា លោក​មួ​ហ្គា​បេ ដែលមាន​អាយុ ៩៣ឆ្នាំ បាន​ប្រាប់​ពួក​អ្នកចរចា​ថា គាត់​ចង់​ស្លាប់​នៅក្នុង​ប្រទេស​ស៊ីម​បា​វ៉េ ហើយ​មិនមាន​គម្រោង​រស់នៅ​និរទេស​ខ្លួន​ទេ​។​

​ប្រភព​នោះបាន​និយាយថា “​សម្រាប់​គាត់ វា​សំខាន់​ណាស់​ដែល​គាត់​ត្រូវបាន​ធានា​សុវត្ថិភាព​ដើម្បី​ស្នាក់នៅ​ក្នុង ប្រទេស​… ទោះបីជា​យ៉ាងណា នោះ​នឹង​មិនអាច​បញ្ឈប់​គាត់​ពី​ការធ្វើដំណើរ​ទៅ​បរទេស នៅពេល​គាត់​ចង់ទៅ ឬ​ត្រូវ​ទៅនោះ​ឡើយ​”​។​

​លោក​មួ​ហ្គា​បេ​បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​អង្គារ ខណៈ​សភា​បានចាប់ផ្តើម​ដំណើរការ​មួយ​ដើម្បី​ចោទប្រកាន់​រូបគាត់ ដោយ​ធ្វើឱ្យមាន​ការអបអរសាទ​រ​យ៉ាង​សម្បើម​នៅតាម​ផ្លូវ​។​

​ការដួលរលំ​យ៉ាង​ឆាប់រហ័ស​របស់គាត់​ប​ន្ទា​ប់​ពី​កាន់អំណាច ៣៧ឆ្នាំ ត្រូវបាន​បង្កឡើង​ដោយសារតែ​ការតស៊ូ​ដើម្បី​ដាក់​ប្រពន្ធ​របស់គាត់​ស្នង​តំណែង​ពី​គាត់​ជំនួស​ឱ្យ​អតីត​អនុ​ប្រធានាធិបតី ណា​ង​ហ្គា​ក​វ៉ា​៕