សារអេឡិចត្រូនិច
អាមេរិក​រិះគន់​យ៉ាងខ្លាំង​​ ក្នុងការ​បង្ក្រាប​ដ៏​ឃោរឃៅ​ដែល​បាន​បណ្តាលឱ្យ​ជនភៀសខ្លួន​ជាង​៦០០.០០០​នាក់


សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​ទី​២២​វិច្ឆិកា​បានប្រកាស​ប្រឆាំង​អំពី​អំពើហិង្សា​ដែល​កំពុងតែបន្ត​ប្រឆាំងនឹង​ក្រុម​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​ថា “​វា​ជាការ​បោសសម្អាត​ជនជាតិភាគតិច​”​។​

​ការរិះគន់​នេះ​មានន័យថា​នឹងមាន​ការដាក់ទណ្ឌកម្ម​ចំពោះ​ក្រុមមន្ត្រី​ជាន់ខ្ពស់​នៃ​កងទ័ព​មី​យ៉ាន់​ម៉ា ដែល​បាន​ចូលរួម​ក្នុងការ​បង្ក្រាប​ដ៏​ឃោរឃៅ​ដែល​បាន​បណ្តាលឱ្យ​ជនភៀសខ្លួន​ជាង​៦០០.០០០​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា បាន​រត់​ភៀសខ្លួន​ឆ្លងកាត់​ព្រំដែន​ចូល​ប្រទេស​បង់​ក្លា​ដែ​ស​។​

​លោក រិច ធី​ល​ល័​រ​សុន រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​ស្តីបន្ទោស​កងសន្តិសុខ​មី​យ៉ាន់​ម៉ា និង​ក្រុម​ជនដៃដល់​ដែល​តាំងខ្លួន​ជា​អ្នកការពារ​ក្នុង​តំបន់​ចំពោះ​អ្វីដែល​លោក​បាន​ហៅថា​ជា “​ការឈឺចាប់​មិនអាច​ទ្រាំ​បាន​” សម្រាប់​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ ទោះបី​យ៉ាងនេះ​ក្តី កងទ័ព​បាន​ចោទប្រកាន់​ក្រុម​បះបោរ​រ៉ូ​ហ៊ីង​យ៉ា​ថា​បាន​បង្កឱ្យមាន​វិបត្ដិ​នេះ ។ លោក ធី​ល​ល័​រ​សុន បាន​និយាយថា ការលើកឡើង​បែបនេះ វា​អាចជា​ការនិយាយ​ដោះសារ​អំពី​ភាពឃោរឃៅ ដែល​បាន​កើតឡើង​។​

​លោក​ធី​ល​ល័​រ​សុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​បន្ទាប់ពី​មានការ​វិភាគ​យ៉ាង​ប្រុងប្រយ័ត្ន​និង​ហ្មត់ចត់​នៃ​ការពិត​នោះ វា​អាច​បង្ហាញ​ច្បាស់​ថា​ស្ថានភាព​នៅ​រដ្ឋ​រ៉ា​ឃី​នភា​គ​ខាងជើង​គឺជា​ការ​បោសសម្អាត​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​”​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​នេះ​បាន​និយាយថា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ ត្រូវ​ចាប់​ឱ្យទទួល​ខុសត្រូវ​។ លោក​បាន​បន្ថែមថា សហរដ្ឋអាមេរិក​ចង់​បានការ​ស៊ើបអង្កេត​ពេញលេញ ហើយ​កំពុង​ពិចារណា​អំពី “​ការដាក់ទណ្ឌកម្ម​ចំ​គោលដៅ​ប្រឆាំងនឹង​អ្នក​ដែល​ទទួលខុសត្រូវ​ទាំងនោះ​”៕