សារអេឡិចត្រូនិច
លោក រ៉ាត់​កូ ម្ល៉ា​ឌី​ក ត្រូវ​កាត់ទោស​ជាប់គុក​អស់​មួយជីវិត ​ពីបទ​ប្រល័យពូជសាសន៍​នៅ​បូ​ស្នី​


អតីត​មេបញ្ជាការ​បូ​ស្នី​ស៊ែ​ប៊ី លោក រ៉ាត់​កូ ម្ល៉ា​ឌី​ក (Ratko Mladic) ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ពីបទ​ប្រល័យពូជសាសន៍ និង​អំពើ​ឃោរឃៅ​ជាច្រើន​ទៀត​ក្នុង​សង្គ្រាម​បូ​ស្នី​ឆ្នាំ ១៩៩០​។​ ​ដោយ​ត្រូវបាន​ស្គាល់​ថា​ជា “​មេ​ពេជ្ឈឃាដ​បូ​ស្នី​” លោក​ម្ល៉ា​ឌី​កបាន​ដឹកនាំ​កងកម្លាំង អំឡុង​ការសម្លាប់​រង្គាល​ប្រជាជន​បូ​ស្នី​មូស្លីម​នៅក្នុង​ទីក្រុង​ស្រេ​ប្រ៊ី​នី​កា (Srebrenica) និង​ការឡោមព័ទ្ធ​ទីក្រុង​សា​រ៉ា​យេ​វ៉ូ (Sarajevo)​។​

​តុលាការ​អ​.​ស​.​ប​នៅ​ទីក្រុង​ឡាអេ​បាន​កាត់ទោស​គាត់​ពីបទ​ចោទប្រកាន់​ចំនួន ១០ ករណី ក្នុងចំណោម ១១ បទចោទ ប្រកាន់​។​ ​លោក​ម្ល៉ា​ឌី​ក​អាយុ ៧៤ ឆ្នាំ​មិនបាន​នៅក្នុង​តុលាការ​ទេ​នៅពេលដែល​សាលក្រម​កាត់ទោស​ត្រូវបាន​អាន​។ គាត់​ត្រូវបាន​គេ​នាំខ្លួន​ចេញ​ក្រៅ​ព្រោះ​ស្រែក​ខ្លាំងៗ​ដាក់​ចៅក្រម​។​

​លោក​ម្ល៉ា​ឌី​ក​និយាយថា “​វា​ជាការ​កុហក​ អ្វី​គ្រប់យ៉ាង​ដែល​អ្នក​និយាយ​នៅក្នុង​បន្ទប់​សវនាការ​នេះ​គឺជា​ការ​កុហក​ទាំងអស់​”​។​ ​ការផ្ទុះ​កំហឹង​នេះ​បាន​កើតឡើង​បន្ទាប់ពី​ចៅក្រម​បាន​ច្រានចោល​ការស្នើសុំ​ដោយ​ក្រុម​ការពារ​ក្តី​របស់គាត់​ដើម្បី​បញ្ឈប់​នីតិវិធី​កាត់ក្តី ដោយសារតែ​សម្ពាធ​ឈាម​ខ្ពស់​របស់លោក​ម្ល៉ា​ឌី​ក​។​ លោក​ម្ល៉ា​ឌី​កបាន​បដិសេធ​រាល់​ការ ចោទប្រកាន់​ទាំងអស់នោះ ហើយ​មេធាវី​របស់លោក​និយាយថា លោក​នឹង​ប្តឹង​ឧទ្ធរណ៍​។​

​លោក​ម្ល៉ា​ឌី​ក​គឺជា​មេបញ្ជាការ​យោធា​នៃ​កងកម្លាំងប្រដាប់អាវុធ​បូ​ស្នី​សែ​ប៊ី​ប្រឆាំងនឹង​កងទ័ព​បូ​ស្នី​ក្រូ​អាត និង កងទ័ព​បូ​ស្នី​មូស្លីម​។ គាត់​ត្រូវបាន​កាត់ទោស​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​សម្រាប់​អតីត​យូ​ហ្គោ​ស្លា​វី (ICTY) ចាប់តាំងពី​ឆ្នាំ ២០១២​។​

​គេ​បាន​រកឃើញថា​លោក​ម្ល៉ា​ឌី​ក “​បានរួម​ចំណែក​យ៉ាងសំខាន់​” ក្នុង​អំពើ​ប្រល័យពូជសាសន៍​នៅ​ទីក្រុង​ស្រេ​ប្រ៊ី​នី​កា ក្នុង​ឆ្នាំ ១៩៩៥ ជាទី​ដែល​មនុស្ស​ប្រុស​ពេញកម្លាំង​និង​ក្មេងប្រុស​បូ​ស្នី​មូស្លីម​ជាង ៧.០០០ នាក់​ត្រូវបាន​ធ្វើឃាត ដែលជា​អំពើ​ឃោរឃៅ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ទ្វីបអឺរ៉ុប ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី ២​។​

​គាត់​ត្រូវបាន​ជម្រះ​ឱ្យ​រួច​ផុតពី​ការចោទប្រកាន់​ពីបទ​ប្រល័យពូជសាសន៍​នៅក្នុង​ទីក្រុង​ផ្សេងទៀត​។ ការចោទប្រកាន់​ផ្សេងទៀត​រួមមាន​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​៕