សារអេឡិចត្រូនិច
ប៉ូលិស​អាល្លឺម៉ង​ចាប់​ក្រុម​អាយ​ស៊ី​ស​ចំនួន​៦​នាក់ ដែល​សង្ស័យ​រៀបចំ​ផែនការ


ប៉ូលិស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​អង្គារ ទី​២១​វិច្ឆិកា​បាន​ចាប់ខ្លួន​ពួក​រដ្ឋ​អ៊ីស្លាម (​ក្រុម​អាយ​ស៊ី​ស​) ចំនួន​៦​នាក់ ដោយ​សង្ស័យ ថាពួកគេ​បាន​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​នៅ​ផ្សារ​ណូអែល (Christmas) នៅ​ថ្ងៃ​ខួប​នៃ​អំពើ​ឃោរឃៅ​កាលពី​ឆ្នាំមុន​នៅ​ទីក្រុង​បែរ​ឡាំង​។​

​ក្រុម​បុរស​ស៊ី​រី​នេះ​ត្រូវបាន​ចាប់ខ្លួន​អំឡុង​ការ​ឆ្មក់​ឆែកឆេរ​ដោយ​ក្រុមមន្ត្រី ៥០០ នាក់​នៅ​ទីក្រុង​កាស​សែ​ល ទីក្រុង​ហាន់​ណូ​វើ ទីក្រុង​អេស​សិន និង ទីក្រុង​លី​ប​ហ្ស៊ី​ក​។​

​ក្រុម​រដ្ឋអាជ្ញា​បាន​និយាយថា ពួកគេ​នេះ បាន​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​ដោយ​ប្រើ​អាវុធ​និង​គ្រឿងផ្ទុះ​។ សេចក្តី រាយការណ៍​ថា គោលដៅ​វាយប្រហារ​ដោយ​ក្រុម​នេះ គឺ ផ្សារ​ណូអែល​នៅ​ទីក្រុង​អេស​សិន នៅ​ថ្ងៃទី​១៩ ខែធ្នូ ប៉ុន្តែ​មិន មាន​ការបញ្ជាក់​របស់​ក្រុម​អាជ្ញាធរ​ទេ​។​ ​ជនសង្ស័យ​៦​នាក់​នេះ គឺជា​ពលរដ្ឋ​ស៊ី​រី ដែល​បាន​មកដល់​ប្រទេស​អាល្លឺម៉ង់​ក្នុងឋានៈ​ជា​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​រវាង​ខែធ្នូ​ឆ្នាំ​២០១៤​និង​ខែកញ្ញា​ឆ្នាំ​២០១៥​។ តាម​ការចោទប្រកាន់ថា ក្រុម​នេះ​ជា​សមាជិក​ក្រុម​អាយ​ស៊ី​ស​។​

​កាលពី​ឆ្នាំមុន ជន​ជ្រុលនិយម ឈ្មោះ អា​នី​ស អាម​រី (Anis Amri) ជនជាតិ​ទុយ​នី​ស៊ី ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាយ​ស៊ី​សបាន​ប្លន់​រថយន្ត​ធំ​មួយ ហើយ​បាន​បើក​បុក​ចូល​ហ្វូង​អ្នកដើរ​កម្សាន្ត​នៅ​ផ្សារ​ណូអែល​នៅ​ទីលាន Breitscheidplatz នៅ​ទីក្រុង​បែរ​ឡាំង ដោយបាន​សម្លាប់​មនុស្ស​១២​នាក់​៕