សារអេឡិចត្រូនិច
លោក អេ​ម​មឺ​សុន ណា​ង​ហ្គា​ក​វ៉ា នឹង​ចូលកាន់​តំណែង​ជា​មេដឹកនាំ​ស៊ីម​បា​វ៉េ ក្នុង​រយៈពេល​៤៨​ម៉ោង


​មន្ត្រី​នៃ​គណបក្ស Zanu-PF ដែល​កំពុង​កាន់អំណាច បាន​បញ្ជាក់ថា អនុ​ប្រធានាធិបតី លោក អេ​ម​មឺ​សុន ណា​ង​ហ្គា​ក​វ៉ា នឹង​ចូលកាន់​តំណែង​ជា​មេដឹកនាំ​ស៊ីម​បា​វ៉េ ក្នុង​រយៈពេល​៤៨​ម៉ោង បន្ទាប់ពី​ប្រធានាធិបតី លោក រ៉ូបឺត មួ​ហ្គា​បេ​បាន​លាលែង​ពី​តំណែង​។​

​មន្ត្រី​គណបក្ស Zanu-PF នេះ បាន​និយាយថា លោក អេ​ម​មឺ​សុន ណា​ង​ហ្គា​ក​វ៉ា បាន​ត្រឡប់មកវិញ ហើយ​បាន​កំពុងស្ថិត​នៅក្នុង​ប្រទេស​ស៊ីម​បា​វ៉េ ។​

​លោក ឡឺ​ប​ម័​រ ម៉ា​ទូ​កេ (Lovemore Matuke) មេដឹកនាំ​បក្ស​នេះ​បាន​បញ្ជាក់ថា លោក អេ​ម​មឺ​សុន ណា​ង​ហ្គា​ក​វ៉ា
​នឹង​ស្បថ​ចូលកាន់​តំណែង​ជា​មេដឹកនាំ​បណ្តោះអាសន្ន ដោយ​អាណត្តិ​ដឹក​របស់លោក​គឺ មាន​រយៈពេល​រហូតដល់​ការបោះឆ្នោត​ដែល​ត្រូវបាន​គ្រោងទុក​នៅ​ឆ្នាំ​២០១៨​។​

​លោក អេ​ម​មឺ​សុន ណា​ង​ហ្គា​ក​វ៉ា អាយុ​៧៥​ឆ្នាំ ដែល​ត្រូវបាន​គេ​ហៅថា “​បុរស​ក្រពើ​” នេះ គឺ​ល្បីល្បាញ​ក្នុង​រឿង​អាក្រក់ និង ជា​មនុស្ស​ដ៏​គួរឱ្យ​ភ័យខ្លាច​នៅ​ប្រទេស​ស៊ីម​បា​វ៉េ ដោយបាន​ដឹកនាំ​ការបង្ក្រាប​ដ៏​កាច​សាហាវ​ដោយ​កងទ័ព​ទៅលើ​ក្រុម​អ្នកប្រឆាំង​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។​

​ជន​ស៊ីវិល​រាប់ពាន់នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​យុទ្ធនា​ការបង្ក្រាប​នេះ ប៉ុន្តែ​លោក អេ​ម​មឺ​សុន ណា​ង​ហ្គា​ក​វ៉ា តែងតែ បាន​បដិសេធ​ការចូលរួម​ពាក់ព័ន្ធ​៕