សារអេឡិចត្រូនិច
​បុរស​ម្នាក់ត្រូវប៉ូលីសថៃចាប់ ជាមួយ​ថ្នាំញៀន​ជាង ១០ លាន​គ្រាប់​


បុរស​វ័យក្មេង​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​និង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ច្រើនជាង ១០ លាន​គ្រាប់​ត្រូវបាន​រឹបអូស​យក​ពី​ផ្ទះ​របស់គាត់​នៅក្នុង​ស្រុក​បាង​ភ្លី ខេត្ត​សាមុត​ប្រា​ខាន់ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ វិច្ឆិកា​នេះ​។​

​ប៉ូលិស​មកពី​នាយកដ្ឋាន​ប៉ូលិស​ស្រុក​លេខ ៨ បាន​ឆ្មក់​ចូល​ផ្ទះ​នេះ​នៅ​តំបន់​បាង​កែវ ហើយ​បាន​រកឃើញ​ថ្នាំញៀន​នេះ​ចំនួន ១០.៣១០.០០០ គ្រាប់​ខ្ចប់​ក្នុង​ថង់​យ៉ាង​ប្រុងប្រយ័ត្ន នៅ​ម៉ោង ១ និង ៣០ នាទី​ព្រឹក​នេះ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា ម្ចាស់​ថ្នាំញៀន ឈ្មោះ ពង់​សា​កន “​បំ​” ប្រា​វន ត្រូវបាន​ឃុំខ្លួន​នៅឯ​ផ្ទះ​របស់គាត់​តែម្តង​។​

​ការ​ឆ្មក់​បង្ក្រាប​នេះ​ធ្វើឡើង​តាមរយៈ​ព័ត៌មាន​ដែលថា លោក​ពង់​សា​កន​គឺជា​អ្នកជួញដូរ​ថ្នាំញៀន​ដ៏​សំខាន់​ម្នាក់​។ ប៉ូលិស​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​សកម្មភាព​របស់គាត់ ហើយ​សង្ស័យថា គាត់​បាន​រក្សាទុក​នូវ​គ្រឿងញៀន​ខុសច្បាប់​ជាច្រើន​នៅក្នុង​ផ្ទះ​៕