សារអេឡិចត្រូនិច
កូរ៉េខាងជើងនឹងបាញ់មីស៊ីលរំលងទ្វីប ឬបំផ្ទុះនុយក្លេអ៊ែរ មុនដំណាច់ឆ្នាំ ២០១៧


សេអ៊ូល៖ កូរ៉េខាងជើង​អាចនឹងបាញ់​សាកល្បង​មីស៊ីលផ្លោង ឬក៏បំផ្ទុះក្បាល​គ្រាប់​នុយក្លេអ៊ែរ ជាថ្មីម្ដងទៀត​នៅមុន ដំណាច់​ឆ្នាំ២០១៧​នេះ ខណៈសកម្មភាព​នៅឯមជ្ឈមណ្ឌល​ស្រាវ ជ្រាវ​មីស៊ីលមានកាន់តែ​ច្រើនឡើង។ នេះបើតាម​ទីភ្នាក់ងារស៊ើបការ​ណ៍សំងាត់​កូរ៉េខាងត្បូង (NIS) ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុង​របាយការណ៍​របស់ខ្លួន ដាក់ជូនសភាកូរ៉េខាងត្បូង NIS បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខណៈសកម្មភាព​យានយន្ដ​មានកាន់តែ​ច្រើនឡើង នៅឯមជ្ឈមណ្ឌល​ស្រាវជ្រាវ​មីស៊ីលមួយ របស់​កូរ៉េខាងជើង ការធ្វើតេស្ដម៉ូទ័រ​មួយទំនងជា​ត្រូវបានធ្វើឡើង​រួចទៅ​ហើយ... ដូច្នេះវា​អាចទៅរួច​ដែលថា​កូរ៉េខាងជើង​ នឹងបាញ់សាកល្បង​មីស៊ីល​ផ្លោង ឬក៏បំផ្ទុះក្បាលគ្រាប់​នុយក្លេអ៊ែរ ជាថ្មីម្ដងទៀត​នៅមុនដំណាច់​ឆ្នាំ២០១៧នេះ ដោយសំអាង​លើការគំរាមកំហែង​ ពីសំណាក់​សហរដ្ឋអាមេរិក ជាលែសបង្កើនសមត្ថភាព​មីស៊ីលទុកការពារ​ខ្លួនឯង»។ បន្ថែមពីលើនេះ​សមាជិកសភា លោក Yi Wan-young ក៏បានឱ្យដឹង​ដែរថា ទីក្រុងព្យុងយ៉ាង​ទំនងជានឹង​ធ្វើ​តេស្ដមីស៊ីល ក្រោមក្របខណ្ឌ​នៃការបាញ់បង្ហោះ​ផ្កាយរណប និងការអភិវឌ្ឍ​ទីអវកាស​ដោយ​សន្តិវិធី។

គួរបញ្ជាក់ថា បើតាម NIS រ៉ូងក្រោមដី​លេខ ០៣ នៃទីតាំងធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ Punggye-ri ទំនងជាបាន​ត្រៀមរួចជាស្រេច​សម្រាប់ការធ្វើតេស្ដ​នុយក្លេអ៊ែរ ដោយរង់ចំាតែ​បញ្ជាពី មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន តែប៉ុណ្ណោះ។ ម្យ៉ាងវិញ​ទៀត ការសន្និដ្ឋាន​នេះ មានលទ្ធភាព​ខ្ពស់ថា នឹងកើតឡើង​ត្បិតទីក្រុងព្យុងយ៉ាង​អាចនឹងយក​ការធ្វើតេស្ដ​មីស៊ីល ផ្លោងជាការឆ្លើយតប​ទៅនឹងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលទើបតែ​ប្រកាសបញ្ចូល​កូរ៉េខាងជើង​ ក្នុងបញ្ជីខ្មៅ​នៃរដ្ឋគាំទ្រ​ភេរវករ​កាលពី​ថ្ងៃចន្ទ៕