សារអេឡិចត្រូនិច
កូរ៉េខាងជើង​ហាមឃាត់ ​ការផឹកស៊ី​និង​ច្រៀង​រាំ​ដើម្បី​ការពារ​ផលប៉ះពាល់​ពីការ ដាក់ទណ្ឌកម្ម​


យោងតាម​ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង​បាន​និយាយថា ក្រុម​អាជ្ញាធរ​កូរ៉េខាងជើង​បាន​ព្យាយាម “​ការពារ​ផលប៉ះ ពាល់​អវិជ្ជមាន​នៃ​ការដាក់ទណ្ឌកម្ម​អន្តរជាតិ ដែល​ប៉ះពាល់​ដល់​អារម្មណ៍​សាធារណៈ​” ដូច្នេះហើយ​បាន​ហាមឃាត់​សកម្មភាព​កម្សាន្ត​ទាំងឡាយ​នៅក្នុង​ប្រទេស​នេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់ ដែល​បាន​ដកស្រង់​ប្រភពព័ត៌មាន​ពី​ភ្នាក់ងារ​ស៊ើប​ការសម្ងាត់​ជាតិ​កូរ៉េខាងត្បូង (NIS) បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​មួយ​ដើម្បី​ពិនិត្យមើល​បញ្ហា​ដែលជា​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រជាជន​ជា​រៀងរាល់ថ្ងៃ ហើយ​បាន​ហាមឃាត់​ការជួប​ជុំគ្នា​ណាមួយ​ដែល​ទាក់ទង​នឹង​ការផឹកស៊ី ច្រៀង​រាំ និង ការកម្សាន្ត​ផ្សេងទៀត និង​កំពុង​ពង្រឹង​ការគ្រប់គ្រង​ព័ត៌មាន​ពី​ខាងក្រៅ​”​។

​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​កូរ៉េខាងត្បូង (NIS) បានលើកឡើង​ដូចនេះ​ទៅកាន់​គណៈកម្មាធិការ​ស៊ើបអង្កេត​សភាជាតិ កាលពី​ថ្ងៃ​ចន្ទ ទី​២០ វិច្ឆិកា​។​

​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​កូរ៉េខាងត្បូង​នេះ បាន​និយាយថា ចំណាត់ការ​របស់​កូរ៉េខាងជើង នៅពេលនេះ​គឺធ្វើឡើង​ដើម្បី​ការពារ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការ​រឹតបន្តឹង​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​មកលើ សតិអារម្មណ៍​សាធារណៈ​។​

​កាលពីដើម​ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានអនុម័ត​សេចក្តីសម្រេចចិត្ត​ថ្មី​បំផុត​របស់ខ្លួន​ស្តីពី​កូរ៉េខាងជើង គឺ​សេចក្តីសម្រេចចិត្ត​លេខ ២៣៧៥ ដែល​បាន​រឹតត្បិត​ការនាំ​ប្រេង​ឆៅ​និង​ការ​នាំចូល​ប្រេង​ដែល​ចម្រាញ់​រួច ហាមឃាត់​ការវិនិយោគ​រួម​
​ការនាំចេញ​វាយ​ន​ភណ្ឌ ឧស្ម័ន​ធម្មជាតិ និង ការ​នាំចូល​វត្ថុ​រាវ ហើយ​បាន​ហាមឃាត់​ជនជាតិ​កូរ៉េខាងជើង​ពី​ធ្វើការ​នៅក្រៅ​ប្រទេស​។​

​វិធានការ​ដាក់ទណ្ឌកម្ម​នេះ បានធ្វើ​ឡើង ដោយសារតែ​ការសាកល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​ដោយ​កូរ៉េខាងជើង និង ការអះអាង​របស់ខ្លួន​ថា ខ្លួន​បានធ្វើ​តេស្ត​គ្រាប់បែក​អ៊ីដ្រូសែន​មួយ​កាលពីដើម​ខែសីហា​៕