សារអេឡិចត្រូនិច
ដូ​ណា​ល់ ត្រាំ ប្រកាស​ប្រទេស​កូរ៉េខាងជើង​ជា​រដ្ឋ​ឧបត្ថម្ភ​ដល់​ក្រុម​ភេរវកម្ម​


ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​កាលពី​ថ្ងៃទី ២០ វិច្ឆិកា​ថា កូរ៉េខាងជើង​ជា​រដ្ឋ​ឧបត្ថម្ភ​ដល់​ក្រុម​ភេរវកម្ម ដោយ​នាំ​របប​ដឹកនាំ​បំពាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​គីម ជុង​អ៊ុន ចូលមកក្នុង​បញ្ជីខ្មៅ​ខ្លី​នៃ​សត្រូវ​អាមេរិក​ជាថ្មី​ម្តងទៀត​។​

​លោក​ត្រាំ​បានប្រកាស នៅ​មុនពេល​ចាប់ផ្តើម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​សេត​វិមាន​ថា “​គួរតែ​កើតមាន​យូរ​មកហើយ​។ គួរតែ​កើតមាន​យូរ​ឆ្នាំ​មកហើយ​”​។​

​កូរ៉េខាងជើង​បាន​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម​ដ៏​ទូលំទូលាយ​ជាច្រើន​រួចមក​ហើយពី​សំណាក់​សហរដ្ឋអាមេរិក​និង​អង្គការសហប្រជាជាតិ ហើយ​ការកំណត់​ឋានៈ​ជា​រដ្ឋ​ឧបត្ថម្ភ​ដល់​ក្រុម​ភេរវកម្ម​នេះ​នឹង​មិនមាន​ផលប៉ះពាល់​សេដ្ឋកិច្ច​ភ្លាមៗ​នៅឡើយ​ទេ​។​

​ប៉ុន្តែ​ក្រុមមន្ត្រី​អាមេរិក​មើលឃើញ​ការកំណត់​ឋានៈ​នេះ ដែល​ត្រូវបាន​ដកចេញ​ម្តង​រួច​ហើយដោយ​ប្រធានាធិបតី​អាមេរិក លោក ច​ច ដាប់​ប​ល​យូ ប៊ូ​ស ក្នុង​ឆ្នាំ ២០០៨​នោះ ជា​មធ្យោបាយ​មួយ​ក្នុងការ​បង្កើន​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ជាពិសេស​សម្ពាធ​លើ​បណ្តា​រដ្ឋ​ដទៃទៀត ដែល​អាច​នឹង​ខកខាន​ក្នុងការ​អនុវត្ត​ពេញលេញ​នូវ​ទណ្ឌកម្ម​ដែល​កំពុង​អនុវត្ត​នេះ​។​

​ត្រាំ​និយាយថា “​ក្រៅពី​ការគំរាមកំហែង​ដល់​ពិភពលោក​ដោយ​ការបំផ្លិចបំផ្លាញ​ដោយ​នុយក្លេអ៊ែរ កូរ៉េខាងជើង​ថែមទាំង​បាន​គាំទ្រ​ម្តង​ហើយ​ម្តងទៀត​នូវ​អំពើ​ភេរវកម្ម​អន្តរជាតិ​ដែល​រួមមាន​ឃាតកម្ម​នៅលើ​ទឹកដី​បរទេស​”​។​

​កាលពី​ខែកុម្ភៈ គូប្រជែង​ដ៏​មាន​សក្ដានុពល​របស់​គីម ជុង​អ៊ុន គឺ​បងប្រុស​ឈ្មោះ គីម ជុង​ណា​ម បាន​ស្លាប់ បន្ទាប់ពី​គាត់​ត្រូវបាន​គេ​បាញ់​ជាតិពុល​លើ​មុខ​នៅ​អាកាសយានដ្ឋាន​គូ​ឡា​ឡាំ​ពួ​ក្នុងការ​ធ្វើឃាត​មួយ ដែល​គេ​ស្តីបន្ទោស​ទៅលើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​៕