សារអេឡិចត្រូនិច
គ្រោះមហន្តរាយធម្មជាតិ​ ស្លាប់​និង​បាត់​ខ្លួន ៣៦៣ នាក់​ក្នុងប្រទេស​វៀតណាម​ឆ្នាំនេះ


នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន សួន​ភុ​ក បាន​និយាយថា សមត្ថភាព​ព្យាករណ៍​អាកាសធាតុ​របស់​វៀតណាម​នៅ​មិនទាន់​បំពេញតម្រូវការ​បានទេ ខណៈដែល​លោក​និយាយ​ទៅកាន់​សភា​អំពី​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ពី​ទឹកជំនន់​និង​ខ្យល់ព្យុះ​។​

​ខ្យល់ព្យុះ​បាន​វាយប្រហារ​ប្រទេស​វៀតណាម​យ៉ាងខ្លាំង​នៅ​ឆ្នាំនេះ ជាមួយ​ព្យុះ​ត្រូ​ពិ​ក​ចំនួន ១៣ បាន​ប៉ះពាល់​ដល់​ប្រទេស​និង​ព្យុះ​ផ្សេងទៀត​កំពុង​ជិត​មកដល់​ផងដែរ​។​

​លោក ង្វៀន សួន​ភុ​ក និយាយ​នៅ​កិច្ចប្រជុំ​នៅ​រដ្ឋសភា​កាលពី​ថ្ងៃ​សៅរ៍​ទី ១៨ វិច្ឆិកា​ថា ទឹកជំនន់​និង​ខ្យល់ព្យុះ​បាន​បំផ្លិចបំផ្លាញ​ស្ទើរតែ​ពេញ​មួយឆ្នាំ ដោយ​បំផ្លាញ​ទីកន្លែង​ជាច្រើន​ដែល​កម្រ​រង​ការវាយប្រហារ​ពីមុនមក​នោះ​។ ព្យុះ​ទី​ហ្វុ​ង​ដំរី​បាន​វាយប្រហារ​ទីក្រុង​ឆ្នេរសមុទ្រ​ស្រគត់ស្រគុំ ញ៉ា​ត្រាង (Nha Trang) ខេត្ត​ខា​ញ់​ហ័​រ កាលពីដើម​ខែវិច្ឆិកា ដោយ​សម្លាប់​មនុស្ស ១០៦ នាក់​នៅក្នុង​ខេត្ត និង​ទីកន្លែង​ក្បែរៗ​នោះ​។​

​គ្រោះមហន្តរាយធម្មជាតិ​បាន​បណ្តាលឱ្យ​មនុស្ស ៣៦៣ នាក់​ស្លាប់​និង​បាត់​ខ្លួន​នៅ​ឆ្នាំនេះ ដោយ​បំផ្លាញ​ផ្ទះ​រាប់ម៉ឺន​ខ្នង ទូក​ដឹកជញ្ជូន​រាប់ពាន់​គ្រឿង និង​វាលស្រែ​រាប់សែន​ហិកតា​។​

​លោក​សួន​ភុ​ក​និយាយថា ខណៈដែល​លក្ខខណ្ឌ​អាកាសធាតុ​ជា​បញ្ហា​ប្រឈម សមត្ថភាព​នៃ​ការព្យាករណ៍​របស់​ទីភ្នាក់ងារ​អាកាសធាតុ “​មិនបាន​បំពេញតម្រូវការ​ទេ​”​។​

​លោក​បាន​និយាយថា “​តំបន់​ជាច្រើន​មិនបាន​ត្រៀមលក្ខណៈ​ជាមុន ឬ​មិនអាច​តស៊ូ​អត់ធន់​បាន​នៅពេល​ប្រឈម​នឹង​គ្រោះមហន្តរាយ​”​។​

​បន្ទាប់ពី​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ពី​ព្យុះសង្ឃរា “​ដំរី​” មន្ត្រី​ក្រសួង​ដឹកជញ្ជូន​បាន​ស្តីបន្ទោស​ទៅលើ​ការព្យាករណ៍​អាកាសធាតុ​មិន​ត្រឹមត្រូវ ដែល​បណ្តាលឱ្យ​ខូចខាត​ទូក​របស់​អ្នកនេសាទ​ជាច្រើន​គ្រឿង ដោយសារ​ពួកគេ​មិនត្រូវ​បាន​គេ​ជូនដំណឹង​ហើយ​មិនបាន​ជម្លៀស​ទូក​ចេញ​។ ប៉ុន្តែ​ក្រសួងបរិស្ថាន​បាន​និយាយថា ប្រជាជន​នៅក្នុង​តំបន់​ក៏​មិនបាន​ត្រៀមខ្លួន​ដូចគ្នា​៕