សារអេឡិចត្រូនិច
ថៃនិងចិនសហការជាគ្នា បង្កើតរោងចក្រផលិតអាវុធ


បាងកក៖ ទីភ្នាក់ងារបច្ចេក​វិទ្យាការពារជាតិ​របស់ថៃ គ្រោងនឹងបង្កើត​រោងចក្រមួយរួមគ្នា​ជាមួយនឹងចិន ដើម្បីផលិត និងថែទាំបរិក្ខា​យោធា ហើយដែលនេះ​គឺជាសញ្ញា​នៃការពង្រឹង ទំនាក់ទំនងសន្តិសុខ​កាន់តែខ្លាំង​រវាងទីក្រុង​បាងកក និងទីក្រុង​ប៉េកាំង គិតចាប់តាំង​ពីមានរដ្ឋប្រហារយោធា​ កាលពី​ឆ្នាំ២០១៤​មក។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters ​ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមអ្នកនំា​ពាក្យក្រសួង​ការពារជាតិ​ថៃ លោក Kongcheep Tantravanich វិទ្យាស្ថាន​បច្ចេកវិទ្យា​ការពារ ជាតិ នៃរដ្ឋាភិបាលថៃ (​DTI) នឹងសាងសង់​រោងចក្រពាណិជ្ជកម្ម​ ខាង​វិស័យការពារជាតិ​ជាលើកដំបូង​របស់ថៃ ក្រោម ការចូល​រួមជាមួយ​ភាគីចិន នៅឯភាគឦសាន​នៃខេត្ត Khon Kaen នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ រោងចក្រនេះ​នឹងត្រូវទទួល​ខុសត្រូវ លើការតម្លើង ផលិត និងថែទាំ​ប្រព័ន្ធអាវុធ​របស់ចិន​ សម្រាប់យោធាថៃ។

លោក Tantravanich បញ្ជាក់ដូច្នេះថា «រាល់ផលិតផល​របស់យើង នឹងត្រូវប្រើប្រាស់​ជាផ្លូវការនៅ ក្នុងស្រុក​ ហើយ វាក៏អាចនឹងក្លាយ​ជារោងចក្រតម្លើង និងថែទាំ​បរិក្ខាយោធា សម្រាប់បណ្ដា​ប្រទេសទាំងអស់​ ជាសមាជិកអាស៊ានផង ដែរ។ ប៉ុន្តែ​ទោះជាយ៉ាង​នេះក្ដី ក្រសួងការពារ​ជាតិ​ចិន មិនបានធ្វើ​អត្ថាធិប្បាយ​អ្វីឡើយ នៅពេលត្រូវបានសាកសួរ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

គួរបញ្ជាក់ថា ទំនាក់ទំនង​រវាងចិន និងថៃ ចាប់ផ្ដើមល្អនឹងគ្នា​ក្រោយមាន​រដ្ឋប្រហារយោធា​ ទម្លាក់រដ្ឋាភិបាលថៃ​របស់ លោក​ស្រី យីងឡាក់ កាលពី​ឆ្នាំ២០១៤ ហើយ​ទំនាក់ទំនង​នេះ កាន់តែល្អប្រសើរ​ឡើងបន្ទាប់ពី​សហរដ្ឋអាមេរិករិះគន់ លើ​យោធា ដែលបានងារមក​រកចិន​ តាមរយៈការចុះកិច្ចព្រមព្រៀង​ទិញអាវុធ​ពីទីក្រុង​ប៉េកាំង៕