សារអេឡិចត្រូនិច
ប្រធានាធិបតី​ស៊ីម​បា​វ៉េ លោក មួ​ហ្គា​បេ ត្រូវបាន​ឃុំខ្លួន​ក្នុងផ្ទះ


កងទ័ព​ស៊ីម​បា​វ៉េ​បាន​កាន់កាប់​ប្រទេស​នេះ​កាលពី​ថ្ងៃ​ពុធ​ ទី​១៥​ ខែវិច្ឆិកា ស្រប​ពេលដែលលោក រ៉ូបឺត មួ​ហ្គា​បេ ប្រធានាធិបតី​ស៊ីម​បា​វ៉េ បាន​និយាយថា លោក​កំពុងស្ថិត​នៅក្រោម​ការឃុំ​ខ្លួន​ក្នុងផ្ទះ។ ទោះ​យ៉ាងនេះ​ក្តី ក្រុម​ឧ​ត្ត​ម​សេនីយ៍​បាន​បដិសេធថា មិន​បានធ្វើ​រដ្ឋប្រហារ​ទេ​។​

​ការក្តោបក្តាប់​អំណាច​រយៈពេល​រាប់​ទសវត្សរ៍​របស់លោក រ៉ូបឺត មួ​ហ្គា​បេ ហាក់ដូចជា​បាន​ធ្លាក់ចុះខណៈដែល​រថពាស ដែក​កងទ័ព​ច្រើន​គ្រឿង​បាន​រារាំង​ផ្លូវ​ចូល​សភា និងទាហាន​បាន​បោះ​ទីតាំងនៅ​ចំណុច​សំខាន់ៗ ​និង​ជា​យុទ្ធសាស្ត្រ​នៅ​ទូទាំង​ទីក្រុង​ហា​រ៉ា​រ៉េហើយ បន្ទាប់ពី​បាន​កាន់កាប់​ស្ថានីយ​ទូរ​ទស្ស​រដ្ឋ​មក ក្រុម​ទាហាន​ជាន់ខ្ពស់បាន​ថ្លែង​សារ​ក្នុង​សុន្ទរកថា​នៅពេល​យប់​។​

​ឧ​ត្ត​ម​សេនីយ៍ ស៊ី​ប៊ូស៊ី​សូ ម៉ូ​យ៉ូ (Sibusiso Moyo) បាន​និយាយថា “​ប្រធានាធិបតី​…​និង​គ្រួសារ​របស់គាត់​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អជា​ធម្មតា​ទេ ហើយ​សន្តិសុខ​របស់​ពួកគេត្រូវបាន​ធានា​។ យើង​គ្រាន់តែ​សំដៅ​ទៅលើ​ក្រុម​ឧក្រិដ្ឋជន​នៅ​ជុំវិញ​គាត់ ដែល​កំពុង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​…​នៅពេលដែល​យើង​បាន​បំពេញ​បញ្ចប់​បេសកកម្ម​របស់​យើង​ហើយ​នោះ យើង​រំពឹងថាស្ថានភាព​នឹង​វិលត្រឡប់​ទៅរក​ភាពប្រក្រតី​វិញ​”​។​

​ឧ​ត្ត​ម​សេនីយ៍​នេះ​បាន​បន្ថែមថា “​នេះ​មិនមែនជា​ការកាន់កាប់រ​ដ្ឋា​ភិ​បាល​ដោយ​យោធា​ទេ​” ។​

​ក្រោយមកលោក រ៉ូបឺត មួ​ហ្គា​បេ បាន​ប្រាប់​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក ចា​កូប ហ្ស៊ូ​ម៉ា (Jacob Zuma) ថា លោក​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ ដោយ​មិន​មានការ​ធ្វើបាប​អ្វី​ទេ​។ ក្រុម​អ្នកគាំទ្រ​ជាច្រើន​របស់លោក រ៉ូបឺត មួ​ហ្គា​បេ​និង​ភរិយា​របស់លោក ឈ្មោះ ហ្គ្រេ​ស ត្រូវបាន​រាយការណ៍​ថា កំពុងស្ថិត​នៅក្នុង​មន្ទីរឃុំឃាំង​យោធា​។​

​រដ្ឋាភិបាល​ក្រុង​ប្រេ​តូ​រី​យ៉ា (​អាហ្វ្រិក​ខាងត្បូង​) បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​គណៈប្រតិភូ​យោធា និង ក្រុម​អ្នកសង្កេត ការណ៍​ទៅកាន់​ទីក្រុង​ហា​រ៉ា​រ៉េ​ដើម្បី​ជួយ​ធ្វើការ​សម្របសម្រួល​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នេះ ដោយ​តំណាងឱ្យ​ប្លុក​តំបន់​អាហ្វ្រិក​ខាងត្បូង​។​

​សហគមន៍​អភិវឌ្ឍន៍​អាហ្វ្រិក​ខាងត្បូង​នេះ បាន​និយាយថាខ្លួន​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ប្រទេស​បុ​ត​ស្វា​ណា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៦ ​ខែវិច្ឆិកា ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នេះ​៕