សារអេឡិចត្រូនិច
ចិន​ផ្តល់ប្រាក់ ២២,៧ លាន​ដុល្លារ​សម្រាប់​ការកសាង​ទីក្រុង​ម៉ា​រ៉ាវី​ឡើងវិញ​


នាយករដ្ឋមន្ត្រី​ចិន លោក លី កេ​ឈាំ​ង បានប្រកាស​កាលពី​ថ្ងៃ​ពុធ ទី​១៥ វិច្ឆិកា​ក្នុងអំឡុង​ពេលធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់លោក​នៅ​ហ្វីលីពីន​ថា ចិន​នឹង​ផ្តល់ប្រាក់​ចំនួន ១៥០ លាន​យ័ន (២២,៧ លាន​ដុល្លារ​) ដើម្បី​ជួយ​ស្ថាបនា​ទីក្រុង​ម៉ា​រ៉ាវី​ឡើងវិញ​។​

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​សរសើរ​ចិន​ចំពោះ​អ្វីដែល​លោក​បាន​និយាយថា​ជា​តួនាទី​ដ៏​សំខាន់​របស់ខ្លួន​ក្នុងការ​ព​ន្លឿ​ន​ការបញ្ចប់​សង្គ្រាម​រយៈពេល​៥​ខែ​ជាមួយ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​និយម​នៅ​ទីក្រុង​ហ្វីលីពីន​នេះ​។​

​ជម្លោះ​នេះ​គឺជា​ការប្រយុទ្ធ​គ្នា​ទ្រង់ទ្រាយ​ធំ​និង​យូរ​បំផុត​នៅ​ប្រទេស​ហ្វីលីពីន ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​មក ។ មនុស្ស​ជាង​១.០០០​នាក់ ដោយ​ភាគច្រើន​នៃ​ពួកគេ​នេះ គឺជា​ជនប្រដាប់អាវុធ​ឧទ្ទាម ដែល​ត្រូវបាន​សម្លាប់​និង​៣៥៣.០០០​នាក់ បាន​ផ្លាស់​ទីជម្រក​ដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ​។​

​ចិន​និង​ហ្វីលីពីន កាលពី​ថ្ងៃ​ពុធ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ១៤ ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុងការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​ហិរញ្ញប្បទាន ការស្តារ​នីតិសម្បទា​គ្រឿងញៀន ការប្រែប្រួល​អាកាសធាតុ និង​វិស័យ​ផ្សេងៗ​ទៀត​៕