សារអេឡិចត្រូនិច
តើស្អែកនេះ គណបក្ស​សង្គ្រោះ​ជាតិអាចនិងរំលាយដែរទេ?


ស្អែកនេះ​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា ​ តុលាការ​កំពូល​នឹង​បើក​សវនាការ​បណ្តឹង​ក្រសួង​មហាផ្ទៃ ​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ ជឿជាក់​ស្ទើរ​មួយ​រយ​ភាគ​រយ​ថា​ គណបក្ស​រណប​បរទេស​មួយ​នេះ ​ពិត​ជា​រលាយ​យ៉ាង​ពិតប្រាកដ​។​ ចំណែក​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៧រូប​ ក៏ក្រុម​មេធាវី​ជឿជាក់​ថា​ នឹង​​ត្រូវ​តុលាការ​កំពូល​ផ្អាក​សកម្មភាព​នយោបាយ​៥ឆ្នាំ​ផងដែរ​ ស្រប​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។

​ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ​ ខែ​វិច្ឆិកា​ បាន​ដាក់​ភស្តុតាង​បន្ថែម​ជូន​តុលាការ​កំពូល​ ជុំវិញ​​បណ្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

លោក​ គី​ តិច​ មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ ថ្លែង​ថា​ «ក្រុម​មេធាវី​ ដាក់​ភស្តុតាង​សំខាន់​ៗ​ចំនួន​បី​បន្ថែម​ទៀត​ជូន​តុលាការ​កំពូល​ ដែល​ក្នុង​នោះ​មាន​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​មេធាវី​ ភស្តុតាង​ថ្មីៗ​ដែល​បញ្ជាក់​អំពី​អំពើ​បាន​និង​កំពុង​បន្ត​ធ្វើ​នៃ​ផែនការ​បដិវត្តន៍​ពណ៌​ និង​ ជា​ពិសេស​គឺ​បញ្ជី​ឈ្មោះ​ផ្លូវ​ការ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៧រូប​ ដែល​ត្រូវ​សុំឱ្យ​តុលាការ​កំពូល​ហាមឃាត់​ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល​៥ឆ្នាំ​»។

ក្រុម​មេធាវី​ជឿជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ពិត​ជា​រលាយ​មួយ​រយ​ភាគ​រយ​ ដោយ​យោង​តាម​ភស្តុតាង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ​និង​រឹងមាំ​ដែល​ផ្តល់​ជូន​តុលាការ​កំពូល​។​រហូត​មក​ទល់​ពេល​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ ពុំ​បាន​ពឹងពាក់​មេធាវី​ឱ្យ​ការពារ​ក្ដី​នៅ​តុលាការ​កំពូល​ទេ​។​ បញ្ហា​នេះ​ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ បញ្ជាក់​ថា​ ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ ពុំ​បាន​ដាក់​មេធាវី​ ក៏​តុលាការ​កំពូល​អាច​បន្ត​នីតិវិធី​បាន​ដែរ​។

មន្រ្តីតុលាការបានបញ្ជាក់​ថា​ សវនាការនេះ​ជា​សភា​ពេញ​អង្គ​ដែល​មាន​ចៅក្រម​៩រូប​ និង​តំណាង​មហា​អយ្យការ​មួយ​រូប​ ហើយ​នឹង​ធ្វើ​ជា​សាធារណៈ​។

សូមជំរាបថា កាលពី​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧​ ក្រុម​មេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅ កាន់តុលាការកំពូល​ ដើម្បីប្តឹងស្នើសុំ រំលាយគណបក្ស​សង្គ្រោះ​ជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។នៅក្នុងពាក្យបណ្តឹងរបស់ ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តី ពីគណបក្សនយោបាយនៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិបាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋ អំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តា ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ដោយបានរកឃើញវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និង ភស្តុតាងជាច្រើនទៀត ដែលដាក់ជូនតុលាការកំពូលថ្ងៃនេះ និងខ្លះទៀតដែលយើងមានក្នុងដៃរបស់យើងរួចហើយ។

នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានរៀបរាប់បន្ថែមថា៖ អង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្ស សង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕