សារអេឡិចត្រូនិច
កងទ័ពអាកាស​ឥណ្ឌា​នឹង​សាកល្បងបាញ់​មី​ស៊ី​ល​​ក្នុង​សប្តាហ៍​នេះ​


ឥណ្ឌា​គ្រោង​នឹងធ្វើ​ការសាកល្បង​បាញ់​មី​ស៊ី​ល BhraMos សម្រាប់​ទ័ពអាកាស​ជា​លើកដំបូង​ក្នុង​សប្តាហ៍​នេះ ខណៈដែល​វា​ត្រូវបាន​ចាត់ទុកជា​ប្រព័ន្ធ​មី​ស៊ី​ល​បញ្ជា​ទិស​លឿន​ជាង​សំឡេង​ដ៏​សាហាវ​បំផុត​របស់​ពិភពលោក​។ កងទ័ពអាកាស​ឥណ្ឌា​នឹង​បាញ់​មី​ស៊ី​ល​នេះ​ចេញពី​យន្ដហោះ​ចម្បាំង​ធុន Su-30MKI របស់ខ្លួន​នៅឯ​មូលដ្ឋាន​ទ័ពអាកាស​មួយ​ស្ថិតនៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ប្រទេស នៅក្បែរ​ឆ្នេរសមុទ្រ​បេង​ហ្គា​ល់​។​

​ប្រភព​ក្រសួង​ការពារ​ឥណ្ឌា​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និករ​បស់​រុស្ស៊ី​ថា ការសាកល្បង​មុន​បំពាក់​វា​លើ​យន្តហោះ​ត្រូវបាន​បញ្ចប់ ហើយ​មី​ស៊ី​ល BrahMos ពេញលេញ​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការបាញ់​ចេញ​ជា​លើកដំបូង​ពី​យន្តហោះ Su-30MKI ។ យន្តហោះ Su-30MKI ពីរ​គ្រឿង​ដែល​កែ​តួ​ខាងក្រោម​ឡើងវិញ​នោះ បាន​ត្រៀម​រួចរាល់​ហើយ​។ ខណៈ​យន្តហោះ​មួយ​នឹង​បាញ់​សាកល្បង​មី​ស៊ី​ល​នេះ យន្តហោះ​មួយទៀត​នឹង​រក្សា​ការ​ប្រុង​ជើងការ​ប៉ុណ្ណោះ​។ ក្រៅពី​ការកែលម្អ​តួ​យន្តហោះ ទម្ងន់​របស់​មី​ស៊ី​ល​ក៏​ត្រូវបាន​កាត់បន្ថយ​ដោយ​ក្រុមហ៊ុន​ផលិត​ផងដែរ គឺ​ពី ២,៩ តោន​មក​ត្រឹម ២,៤ តោន​ដើម្បី​រួមបញ្ចូល​គ្នា​ជាមួយ​យន្តហោះ Su-30 MKI ។​

​កងទ័ពអាកាស​ឥណ្ឌា (IAF) បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មួយ​សម្រាប់​ការផ្តល់​មី​ស៊ី​ល​ធុន​ស្រាល BrahMos ពី​ខែមករា​ឆ្នាំ ២០១៨​។ គេ​រំពឹងថា​ការសាកល្បង​ជាច្រើន​នឹងត្រូវ​បានធ្វើ​ឡើង​ពី​យន្តហោះ​ចម្បាំង​មុនពេល​ការដឹកជញ្ជូន​មី​ស៊ី​ល​ចាប់ផ្តើម​។​

​រហូតមកដល់​ពេលនេះ យន្តហោះ Su-30 MKI ត្រូវបាន​កែលម្អ​ដើម្បី​ផ្ទុក​មី​ស៊ី​ល​ថ្មី​នេះ ហើយ​សរុបទៅ​គេ​ត្រូវ​កែលម្អ​យន្តហោះ Su-30MKI យ៉ាងហោចណាស់​ក៏ ៥០ គ្រឿង​ដែរ ដើម្បី​ដឹក​មី​ស៊ី​ល​ដែលមាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នេះ​។ IAF គ្រោង​នឹង​បង្កើត​យន្តហោះ​ចម្បាំង​ដែលមាន​សមត្ថភាព​ដឹក​មី​ស៊ី​ល​នេះ​យ៉ាងហោចណាស់ ២០០ គ្រឿង​នៅ​ឆ្នាំក្រោយ​៕