សារអេឡិចត្រូនិច
ប្រទេសលីបង់ កំពុងព្រួយបារម្ភ​ខ្លាចក្រែង​អារ៉ាប៊ីសាអូឌីត ដាក់ទណ្ឌកម្ម​


លីបង់៖​ ក្រុមអ្នក​នយោបាយ និងម្ចាស់ធនាគារ​ជាច្រើននៅក្នុង​ប្រទេសលីបង់ កំពុងព្រួយបារម្ភ​ខ្លាចក្រែង​អារ៉ាប៊ីសា អូឌីត ដាក់ទណ្ឌកម្ម​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ចលើ​ប្រទេសរបស់​ពួកគេ ដូច​ដែលទីក្រុង​រីយ៉ាដ ធ្លាប់បានធ្វើ​ដាក់ប្រទេស​កាតា។ ភាពតាងតឹង​រវាង​អារ៉ាប៊ីសាអូឌីត និងលីបង់ បានផ្ទុះឡើង​ក្រោយពី​ទីក្រុងរីយ៉ាដ​ចោទថា លីបង់កំពុង​សកម្មភាព​បង្ក សង្រ្គាម​ជាមួយខ្លួនតាមរយៈការ​គាំទ្រក្រុម​ឧទ្ទាមហ៊ូទី នៅយេម៉ែន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារ ព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ផ្ទុយពីកាតា​ដែលជាអ្នកផ្គត់ផ្គង់​ឧស្ម័នធម្មជាតិ​ដ៏ធំមួយ នៅលើពិភពលោក និងមានប្រជាជនតែ ៣០០,០០០នាក់ ធ្វើការក្រៅប្រទេសលីបង់ គ្មានឧស្ម័ន​ធម្មជាតិ និងហិរញ្ញវត្ថុ ដែលត្រូវរងផល​ប៉ះពាល់ខ្លាំងដូចទីក្រុង​ដូហាឡើយ។ ប៉ុន្តែប្រជាជន​លីបង់ ៤០០,០០០​នាក់ កំពុងធ្វើការ​ក្នុងតំបន់​ឈូងសមុទ្រ​ Gulf ដោយបាន​ផ្ដល់ប្រាក់ប្រមាណ ៧-៨ពាន់លាន​ដុល្លារ​ ក្នុងមួយឆ្នាំ​ ត្រឡប់មកប្រទេស​ពួកគេវិញ ដូច្នេះថា​បើទីក្រុងរីយ៉ាដ ដាក់ទណ្ឌកម្ម​រាំងខ្ទប់ប្រាក់​ទំាងនេះ នោះវានឹង​ធ្វើឱ្យខាតបង់ធ្ងន់ធ្ងរ​ដល់សេដ្ឋកិច្ច​លីបង់។ «វាអាចជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់សេដ្ឋកិច្ច​លីបង់ ក្នុងករណី​ពួកគេ​រាំងខ្ទប់ ការផ្ទេរប្រាក់​របស់ប្រជាជន​លីបង់​មកស្រុក​កំណើត... វានឹងក្លាយ​ជាគ្រោះ​មហន្តរាយ​មួយ ក៏ថា​បាន»។

គួរបញ្ជាក់ថា ក្រោយមាន​សេចក្ដីរាយការណ៍​ថា ក្រុមឧទ្ទាមហ៊ូទី​ក្នុងប្រទេស​យ៉េមែន គាំទ្រ​ដោយអ៊ីរ៉ង់ និងក្រុម​ហេសប៊ូលឡា​លីបង់ បាញ់មីស៊ីល​មួយគ្រាប់​ឆ្ពោះមកកាន់​ទឹកដី អារ៉ាប៊ីសាអូឌីត រដ្ឋាភិបាល​រីយ៉ាដ​បានចោទប្រកាន់​លីបង់ ហេសប៊ូលឡា និងអ៊ីរ៉ង់ ថាកំពុង​ធ្វើសកម្មភាព​បង្កសង្រ្គាម​ប្រឆាំងខ្លួន តាមរយៈការផ្ដល់​បរិក្ខា​យោធា និងគំាទ្រ​ក្រុមឧទ្ទាម​ហ៊ូទី៕