សារអេឡិចត្រូនិច
ការខាតបង់ប្រាក់​ជាង ១០០ពាន់លានដុល្លារ ដែលបង្កឡើងដោយ​ពួក ISIS ​តែមួយគត់


បាកដាដ៖ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Haider al-Abadi បាននិយាយថា ចាប់តាំងពីក្រុម ISIS បានគ្រប់គ្រង​ទឹកដី​មួយផ្នែកធំ ព្រមទាំងការធ្វើ​​សង្រ្គាមប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវករមួយនេះ ​បានធ្វើឱ្យទីក្រុងបាកដាដ ខាតបង់ ប្រាក់​ជាង ១០០ពាន់លានដុល្លារ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅព្រឹក ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោក al-Abadi ថ្លែងបែបនេះ​ នៅអំឡុងពេលបំពេញ​ដំណើរទស្សនកិច្ច​ទៅ កាន់ទីក្រុង Karbala កាលពីចុងសប្ដាហ៍​កន្លងទៅ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់​រូបនេះ បានគូសបញ្ជាក់​នៅក្នុង សេចក្ដីថ្លែង ការណ៍​របស់ខ្លួនដូច្នេះថា «ការបំផ្លិចបំផ្លាញ​បង្កឡើងដោយ​ពួក ISIS នៅពេលពួកវា​គ្រប់គ្រងទីក្រុងអ៊ីរ៉ាក់​ជាច្រើន បានធ្វើឱ្យយើង​ខាតបង់ប្រាក់​ជាង ១០០ពាន់លាន ដុល្លារ ជាពិសេស​ទៅលើផ្នែកហេដ្ឋា​រចនាសម្ព័ន្ធ និងសេដ្ឋកិច្ច តែម្តង»។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍នេះ​ត្រូវបានចេញផ្សាយ​ ខណៈ​កងកម្លាំង​រដ្ឋាភិបាលអ៊ីរ៉ាក់បានចាប់ផ្ដើមធ្វើប្រតិបត្តិ ការ​យោធា ដើម្បីរំដោះទីក្រុង Rawa ដែលជាមូលដ្ឋាន​ចង់ក្រោយ​របស់ពួក ISIS នៅអ៊ីរ៉ាក់។ ក្រោយឥទ្ធិពល ISIS ថមថយ​បន្ទាប់ពីការដួលរលំ​នៃទីក្រុងម៉ូស៊ូល កាលពីប៉ុន្មានខែមុននោះ បញ្ហាធំមួយ​ទៀតដែល​អ៊ីរ៉ាក់​កំពុង​ប្រឈមមុខ នោះ គឺចេតនាទាមទារ​ឯករាជ្យរ​បស់ក្រុមឃើដ៕