សារអេឡិចត្រូនិច
ស្រ្តីជនជាតិបរទេស២នាក់ ដេកស្លាប់នៅក្នុងផ្ទះសំណាក់ Money Republic ក្រុងកំពត​


ស្ត្រីជនជាតិអង់គ្លេស និងកាណាដា វ័យក្មេង២នាក់ ដេកស្លាប់នៅក្នុងផ្ទះសំណាក់ យីហា Money Republic ដោយ មិនដឹងមូលហេតុ វេលាម៉ោង៤:៣០នាទី ព្រឹកថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៧នេះ។ ស្រ្តីរងគ្រោះត្រូវបានគេដឹកយកទៅ មន្ទីរពេទ្យបង្អែកខេត្តកំពតផងដែរ ប៉ុន្តែតាមការពិតបានស្លាប់ តាំងពីនៅក្នុងផ្ទះសំណាក់មកម្ល៉េះ។

មន្ត្រីជំនាញប្រចាំខេត្តកំពត បានឲ្យដឹងថា ជនរងគ្រោះជាជនបរទេស ដែលស្លាប់ទាំង២នាក់ រួមមានទី១-ឈ្មោះ AMISOLA ABBEY GAIL ថ្ងៃខែឆ្នាំកំណើត ៩.៥.១៩៩០ ជនជាតិកាណាដា កាន់លិខិតឆ្លងដែនលេខ HH472236 និងទី២-ឈ្មោះ SEYMOUR NATALIE JADE ថ្ងៃខែឆ្នាំកំណើត ៩.៦.១៩៩៥ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែន លេខ 502979041។ អ្នកទាំងពីរស្នាក់នៅផ្ទះសំណាក់ Money Republic (បន្ទប់ dorm គ្រែ លេខ៣ និង៥) ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

បើតាមការសង្ស័យពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ គឺថាអាចមកពីការប្រើប្រាស់ថ្នាំហួសកម្រិត។ ជាក់ស្តែងនៅ កន្លែងក្នុងបន្ទប់ស្នាក់នៅរបស់សព មានថ្នាំពេទ្យរាយប៉ាយនៅលើឥដ្ឋការ៉ូ។ ប៉ុន្តែទាំងនេះ ជាការសន្និដ្ឋានជាបឋម ប៉ុណ្ណោះ។

ករណីនៃការស្លាប់របស់ស្រី្តរងគ្រោះទាំង២នាក់ខាងលើ ត្រូវរង់ចាំសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវបន្តទៀត សិន៕