សារអេឡិចត្រូនិច
ក្រុង​សម្រេច​ប្រគល់​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​រដ្ឋបាល​ខណ្ឌចំការមន គ្រប់គ្រង ​


រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ប្រគល់​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យទៅ​រដ្ឋបាល​ខណ្ឌចំការមន​ ជា​អ្នក គ្រប់គ្រង​​បន្ត ទាំង​លើ​បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​លើកកម្ពស់​សោភណភាព​អនាម័យ​ទីក្រុង​ឱ្យបាន​ល្អប្រសើរ​បន្ថែមទៀត​។​

ពិធី​ប្រគល់ និងទទួល​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន នៅមុខ​សណ្ឋាគារ​ណាហ្គា​វើ​ល​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា នៅ​សាលា​រាជធានី​ភ្នំពេញ រវាង​លោក ហួត ហៃ នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​លោក ព្រំ សំខាន់ អភិបាលខណ្ឌ​ចំការមន​ ដោយមាន​​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចូលរួម​ផងដែរ​។​
​ ​
​នៅក្នុង​លិខិត​ប្រគល់ និង ទទួល​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន នៅមុខ​សណ្ឋាគារ​ណាហ្គា​វើ​ល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​​ខ្លឹមសារ​ថា ដើម្បី​លើកកម្ពស់​សោភណភាព​ទីក្រុង​ឱ្យបាន​ល្អប្រសើរ​បន្ថែមទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ប្រគល់​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន នៅមុខ​សណ្ឋាគារ​ណាហ្គា​វើ​ល ចាប់ពី​រង្វង់​មូល​សម្តេច​សង្ឃ ជួន ណាត ដល់​ស្ពាន​ភ្លោះ​កោះ​ពេជ្រ​ជូន​រដ្ឋបាល​ខណ្ឌ​ចំការ​មន ដើម្បី​គ្រប់គ្រង​ថែទាំ​អនាម័យ និង​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ដោយ​មិន​ឱ្យមាន​ការចត​លើ​ទ្រូងផ្លូវ និងចិញ្ចើមផ្លូវ​បន្តទៀត​ទេ ប្រសិនបើ​មាន​រដ្ឋបាល​ខណ្ឌចំការមន ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​​នេះ​តទៅ​៕​