សារអេឡិចត្រូនិច
ចាក់​សាំងមិនប្រយ័ត្ន​​ ហៀរ​ទៅ​ប៉ះ​ចង្ក្រាន​លក់​ស៊ុប​បណ្តាលអោយ​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​


ក្រចេះ​៖ អគ្គិភ័យ​មួយ​បង្ក​ពី​ការចាក់​សាំង​លក់បាន​ហៀរហូរ​ទៅ​ប៉ះ​ចង្ក្រាន​លក់​ស៊ុប បាន​ឆា​ឆេះ​ដល់ផ្ទះ​អស់​មួយ​ខ្នង​។ ហេតុការណ៍​គ្រោះ​អគ្គិភ័យ បានកើត​ឡើង​នៅ​ភូមិ​សណ្តាន់ ឃុំ​សណ្តាន់ ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា គ្រោះ​អគ្គិភ័យ​មួយ​នេះ បាន​បង្កឡើង​ពី​ការចាក់​សាំង​លក់ ហើយ​ក៏បាន​ហៀរហូរ​ទៅ​ប៉ះ​ចង្ក្រានហ្គាស​លក់​ស៊ុប បាន​ឆាបឆេះ​ដល់ផ្ទះ​អស់​មួយ​ខ្នង​តែម្តង​។ ក្នុងនោះ​ទ្រព្យសម្បត្តិ​អន្តរាយ​រួមមាន ផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​៩​ម៉ែត្រ ប្រក់​ស័​ង្គ​សី​, ម៉ូតូ​មួយគ្រឿង ប្រាក់​៦០០០​ដុ​លា្ល​រ មាស​ចំនួន​៣​ជី កង់​ពីរ​គ្រឿង​។ សរុប​ការខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ ៤២.០០០​ដុ​លា្ល​រ​។​

​ប្រភព​ដដែល​បាន​បន្តថា ម្ចាស់ផ្ទះ​ឈ្មោះ មុំ ផល្លា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ឌិន​ស្រីមុំ អាយុ​៤០​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។ ក្នុងនោះ​ឈ្មោះ​ឌិន​ស្រីមុំ និង​ឈ្មោះ​ឈាវ​យុ​ត​អាយុ​៤១​ឆ្នាំ បាន​រងរបួស ដោយ​រលាកភ្លើង​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​៕