សារអេឡិចត្រូនិច
ប្រជាជនរាប់ពាន់នាក់ ប្រឆាំងនិងវត្តមាន ដូណាល់​ ត្រាំ មកកាន់ប្រទេសហ្វីលីពីន


មនុស្ស​រាប់ពាន់នាក់ បាននាំគ្នាដង្ហែរ​ឆ្ពោះទៅកាន់ស្ថានទូត​អាមេរិក​ប្រចាំនៅ​រដ្ឋធានី​ម៉ានីល ដើម្បីធ្វើការតវ៉ា​ប្រឆាំង នឹង​ដំណើរ​មកដល់​ នៃប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ​កាលពី​ល្ងាចមិញ សម្រាប់កិច្ចប្រជុំ​កំពូលលើក​ទី៣១ នៃសមាគមប្រ​ជា​ជាតិ​​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) នៅប្រទេស​ហ្វីលីពីន ។ នេះបើតាម​ការចេញ​ផ្សាយ​​ដោយ​ សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅព្រឹក​​ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រុមបាតុករ​ដែលមានទាំង​ សិស្ស-និស្សិត, កសិករ​មកពីទីជនបទ, និងអ្នកបម្រើការ​ក្រុមហ៊ុន​ជាដើមនោះ បាន​ប្រមូលផ្តុំគ្នា​នៅលើ​​ផ្លូវ Kalaw Avenue មុនពេល​ដើរដង្ហែរ​ឆ្ពោះទៅកាន់​ស្ថានទូតអាមេរិក ដែល​នៅចុងដងវិថីនេះ ក្បែរ​កំពង់ផែ Manila Bay។ ម៉្យាងវិញ​ទៀត​ ទោះ​បី​ជាអាកាសធាតុ​ក្តៅហួតហែង​ខ្លាំងយ៉ាង​ណាក្តី ក្រុមអ្នកតវ៉ា​មានការតាំង​ចិត្តយ៉ាង​មុតមាំ ក្នុងការបង្ហាញ​ពី​កំហឹងរបស់​ពួកគេ​ប្រឆាំងនឹងវត្តមាន​ដ៏យូរអង្វែង របស់យោធា​អាមេរិក នៅលើទឹកដី​ប្រទេស​ហ្វីលីពីន។

​យោងតាម លោក ​Renato Reyes អ្នករៀបចំ​ដឹកនាំបាតុកម្ម មនុស្ស​ប្រមាណ ២,០០០-៣,០០០នាក់ បានចូលរួម ក្នុងការប្រឆាំង​តវ៉ា​នេះ។ នៅពេល​ដែលក្រុម​បាតុករ​បានធ្វើ​ដំណើរជិតដល់​ស្ថានទូតអាមេរិក​ហើយនោះ កម្លាំងប៉ូលិស​ហ្វីលីពីន បានព្យាយាម​រារាំង​ពួកគេ តាមរយៈការឈរបង្កើត​ជាខែល ហើយបិទផ្លូវរបស់ពួកគេ ដែលបានបណ្តាល​ឲ្យមានការប៉ះ​ទង្គិចគ្នាឡើង។ ក្រោយ​ហេតុការណ៍​នេះ មនុស្សច្រើនជាង ២០នាក់ បានរងរបួស ខណៈសកម្មជន​ម្នាក់ត្រូវបាន​ឃាត់ខ្លួន។ ស្របពេល​ដែលកិច្ចប្រជុំ​សំខាន់ៗ រវាងបណ្តា​​មេដឹកនាំ​ពិភពលោក នឹងចាប់ផ្តើម​ប្រព្រឹត្តទៅ​នាព្រឹកនេះ​នោះ លោក Reyes បានបញ្ជាក់ថា នឹងបន្តដឹក​នាំបាតុកម្ម​ថែមទៀត។

គួរជម្រាបថា ដើម្បីធានា​សន្តិសុខសុវត្ថិភាព​របស់មេដឹកនាំ​ពិភពលោកនានា ហើយបញ្ចៀស​ការរំខានផ្សេងៗ ដែល អាចកើត​មាន​ឡើង ក្នុងអំឡុងពេល​កិច្ចប្រជុំអាស៊ាន​នោះ ទីបញ្ជាការប៉ូលិស​ជាតិ​ហ្វីលីពីន បានដាក់ពង្រាយ​កម្លាំង ជាង ៦០,០០០នាក់ នៅតាម​ដងវិថីទូទាំង​រដ្ឋធានីម៉ានីល និងទីក្រុង Angeles ជាទីដែល​កិច្ចប្រជុំត្រូវ​ប្រារព្ធ​ឡើង៕​