សារអេឡិចត្រូនិច
​អ្នកកាសែត​បរទេស​២​នាក់ ​ត្រូវ​ជាប់គុក​ពីបទ​បង្ហោះ​ដ្រូ​ន​


តុលាការ​មួយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ផ្តន្ទាទោស​អ្នកសារព័ត៌មាន​បរទេស​២​នាក់​ឱ្យ​ជាប់គុក​ពីរ​ខែ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​វិច្ឆិកា​ពីបទ​បង្ហោះ​យន្តហោះ​ដ្រូ​ន​ពីលើ​អគារ​រដ្ឋសភា​ដោយ​ខុសច្បាប់​។​

​លោក លូ ហុង​ម៉េង ជនជាតិ​សិង្ហបូរី និង​លោកស្រី ម៉ុក ឆ​យ​លីន ជនជាតិ​ម៉ាឡេស៊ី បាន​កំពុង​បំពេញការងារ​ឱ្យ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​របស់​តួ​ក​គី នៅពេល​ពួកគេ​ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃទី ២៧ ខែតុលា​នៅ​រដ្ឋធានី​ណៃ​ពិដោ​។​

​អ្នកបកប្រែ​ក្នុងស្រុក​របស់​ពួកគេ​ឈ្មោះ អ៊ុង ន័​ង​សូ និង​អ្នកបើកបរ​របស់​ពួកគេ​ឈ្មោះ ឡា ទីន ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​២​ខែ​ដូចគ្នា ដោយសារតែ​ហេតុការណ៍​ខាងលើ​។​

​អ្នក​ទាំង៤ ប្រឈម​នឹង​ការចោទប្រកាន់​ដាច់ដោយឡែក​មួយទៀត​ពីបទ​នាំចូល​យន្តហោះ​ដ្រូ​ន​។ សវនាការ​មួយទៀត​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា​។​

​អាជ្ញាធរ​បាន​ចោទប្រកាន់ថា ក្រុមអ្នកកាសែត​នេះ​បាន​ព្យាយាម​បង្ហោះ​យន្តហោះ​ដ្រូ​ន​ពីលើ​អគារ​សភា​ដោយ​គ្មាន​ការអនុញ្ញាត​។ មេធាវី​ការពារ​អ្នកបកប្រែ​និង​អ្នកបើក​បរបាន​និយាយថា ពួកគេ​គួរតែ​ត្រូវបាន​ដោះលែង ព្រោះ​ពួកគេ​ពុំមែន​ជា​ម្ចាស់​ដ្រូ​ន ឬជា​អ្នកបញ្ជា​ដ្រូ​ន​នោះទេ​។​

​កាសែត​រដ្ឋ​មួយ​មុននេះ​បាន​រាយការណ៍​ថា អ្នកកាសែត​ទាំងពីរ​មានបំណង​ថតរូប​ភាព​អគារ​សភា និង​វត្ត​អារាម​ក្នុង​ទីក្រុង​ណៃ​ពិដោ នៅពេលដែល​ឆ្មាំសន្តិសុខ​បាន​ប្រទះឃើញ​ពួកគេ​។​

​ជន​ជាប់​ឃុំឃាំង​ទាំង​៤​ពុំ​ត្រូវបាន​អនុញ្ញាតឱ្យ​ជួប​សមាជិកគ្រួសារ​ទេ ចាប់តាំងពី​ការចាប់ខ្លួន​ពួកគេ​កាលពី​ខែ​មុន​។ នៅពេល​ពួកគេ​បង្ហាញខ្លួន​សម្រាប់​សវនាកា​រ​កាលពី​ថ្ងៃ​សុក្រ លោក​អ៊ុង ន័​ង​សូ ដែលជា​អ្នកសារព័ត៌មាន​ដែរនោះ អាចមាន​ឱកាស​ឱប​ម្តាយ ដែល​កំពុង​យំ របស់គាត់​៕