សារអេឡិចត្រូនិច
ប្រតិបត្តិការបោសសម្អាតរដ្ឋធានីអង់ការ៉ា ចាប់បានជន​សង្ស័យជាបណ្តាញ​​ក្រុម ISIS ចំនួន ១០១នាក់


អង់ការ៉ា៖ កម្លាំងប៉ូលិសតួកគី​នាថ្ងៃព្រហស្បតិ៍នេះ បានបើក​ប្រតិបត្តិការ​ក្តៅគគុក ចាប់ឃាត់ខ្លួន​បាន​ជន​សង្ស័យ​ថា​ ជា​បណ្តាញ​​ក្រុម ISIS សរុប​ចំនួន​ ១០១នាក់ នៅក្នុងរដ្ឋធានី​អង់ការ៉ា​តែម្តង។ នេះបើតាមការ​ចេញផ្សាយដោយទីភ្នាក់ ងារ​ព័ត៌មានចិន ស៊ីនហួរ​ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

បើតាមសារព័ត៌មានតួកគី Daily Sabah ប្រតិបត្តិការបង្រ្កាបអំពើភេរវកម្មនេះ ត្រូវបានធ្វើឡើង​ក្រោមការដឹកនាំ​របស់ ការិយាល័យ​​​នៃក្រុមរដ្ឋអាជ្ញា​សាធារណៈប្រចាំទីក្រុង​អង់ការ៉ា ជាមួយមន្រ្តីប៉ូលិសចំនួន ១,៥០០នាក់ និងបាន​ចេញដី កា​ឃុំខ្លួន​ សម្រាប់ជនសង្ស័យ​​ចំនួន ២៤៥នាក់។

លើសពីនេះទៀត កាលពីចន្លោះ​ថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា​ថ្មីៗនេះ អាជ្ញាធរតួកគី ក៏បានបើក​ប្រតិបត្តិការ​​ប្រឆាំង ISIS នៅតាម​បណ្តា​ខេត្តចំនួន ២៥ ទូទាំងប្រទេស​ផងដែរ ដោយកាលនោះ​កម្លាំងប៉ូលិស​បានធ្វើការឃាត់​ខ្លួន​ អ្នកប្រយុទ្ធជាក្រុមភេរវករនេះ​​ចំនួន​​ ២៨៣​​នាក់ បូក​រួមនិង​គ្រឿងផ្ទុះ ៦៦គ្រឿង ព្រមទាំងអាវុធ​មួយចំនួន​ទៀត។

គួរបញ្ជាក់ថា តួកគី​ចាប់តាំងតែពី​ឆ្នាំ២០១៥មក បានទទួលរង​ការវាយប្រហារភេរវកម្ម​យ៉ាងសាហាវៗ ដែលបានផ្តាច់ ជីវិត​​មនុស្ស​​ច្រើនជាង ៣០០នាក់ ហើយរដ្ឋាភិបាល​តួកគី បានទម្លាក់កំហុសថា ទង្វើទាំងអស់នេះ គឺជាស្នាដៃ​របស់ពួក ISIS។ បើតាម​ក្រសួង​យុត្តិធម៌​តួកគី មនុស្សយ៉ាងតិច ៧៨០នាក់ រួមមានជន​បរទេស ៣៥០នាក់ នៅតែបន្ត​ជាប់ឃុំខ្លួន​ដដែល​មកទល់ពេលនេះ ដោយ​ភាគ​ច្រើនក្នុង​ចំណោមនោះ បានជាប់សង្ស័យថា ជាបណ្តាញ ISIS៕