សារអេឡិចត្រូនិច
មិនយូទៀតទេ កូរ៉េខាងជើងនឹងមានគ្រាប់មីស៊ីល អាចបាញ់ដល់សហរដ្ឋអាមេរិក


ម៉ូស្គូ៖ កូរ៉េខាងជើង​នឹងមានសមត្ថភាព​វាយប្រហារ ដោយគ្រាប់មីស៊ីល​ឆ្លងទ្វីប បាញ់ដល់ទឹកអាមេរិក​នៅរយៈពេលពីរ​ទៅបីឆ្នាំ​ខាងមុខនេះ ខណៈកម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង កាន់​តែមានរីកចំរើន​ទៅមុខ។ នេះបើតាម​អ្នកជំនាញ​រុស្ស៊ី លោក Mikhaïl Oulianov ដកស្រង់​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Mikhaïl Oulianov ធ្វើការកត់​សម្គាល់បែបនេះ​ នៅក្នុងបទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Bloomberg កាលពី​ថ្ងៃពុធ។ លោក Oulianov បានគូស​បញ្ជាក់ដូច្នេះថា «ដរាបណា គេមិន​អាចស្វែងរក​ដំណោះស្រាយដោយ​សន្តិវិធីទេនោះ កូរ៉េខាងជើង​មុខជានឹងមានមីស៊ីលឆ្លង​ទ្វីប អាចបាញ់ដល់ទឹកដី​អាមេរិក ក្នុងរយៈពេលពីរ​ទៅបី​ឆ្នាំខាងមុខ... ដូច្នេះយើង ត្រូវតែធ្វើ​យ៉ាងណា​ បញ្ចប់កម្មវិធីនុយក្លេអ៊ែរ​កូរ៉េខាងជើង​បច្ចុប្បន្ន ខណៈទណ្ឌកម្ម​ប្រឆាំងនឹងរដ្ឋកុម្មុយ​នីស្ដមួយនេះ ទំនងជានឹង​មានឥទ្ធិពល​ត្រឹមតែ ០៥ឆ្នាំប៉ុណ្ណោះ»

គួរបញ្ជាក់ថា បើតាមលោក Mikhaïl Oulianov រុស្ស៊ីគ្មានផ្លូវ​ទទួលស្គាល់​កូរ៉េខាងជើង​ ជារដ្ឋនុយក្លេអ៊ែរ​ជាដាច់ខាត។ តែទោះជាយ៉ាងនេះក្ដី កូរ៉េខាងជើង បានអះអាង​ម្ដងហើយម្ដងទៀតថា ខ្លួននឹងបន្ត​អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ​រហូតដល់​ទីបំផុត ត្បិតវាគឺ​ជាវិធានការ​ការពារខ្លួន​ដ៏ប្រសើរ​បំផុត ពីការឈ្លានពាន​របស់​សហរដ្ឋអាមេរិក ក៏ដូជាអាច​រក្សាសន្តិភាព​នៅក្នុង​តំបន់​ទំាងមូល៕