សារអេឡិចត្រូនិច
​ប្រទេស​ជប៉ុន អូស្ត្រាលី កាណាដា និង​វៀតណាម ​ខកចិត្ត​ជាខ្លាំង ក្នុងការខ្វែងគំនិត​គ្នា


​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កំពុង​ជួប​ការលំបាក​ខ្លាំង​ក្នុងការ​សង្គ្រោះ​កិច្ចចរចា​អំពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ១១ (TPP-11) នៅ​ថ្ងៃ​សុក្រ​ទី ១០​វិច្ឆិកា​នេះ បន្ទាប់ពី​ការដកខ្លួន​ចេញ​របស់​សហរដ្ឋអាមេរិក​ពី​កិច្ចព្រមព្រៀង​ដើម ស្របពេល​ប្រទេស​កាណាដា​បាន​ចេញមក​បដិសេធ​សេចក្តីរាយការណ៍​ដែលថា កិច្ចព្រមព្រៀង​ជាគោលការណ៍ បាន​ឈានដល់​ការសម្រេច​។​

​កិច្ចព្រមព្រៀង TPP គឺជា​គំនិត​ផ្តួចផ្តើម​ដឹកនាំ​ដោយ​អាមេរិក ដែលមាន​ប្រទេស​ចំនួន ១២ គឺ​ស្មើនឹង ៤០ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក ប៉ុន្តែ​មិន​រាប់បញ្ចូល​ចិន​ដែលជា​គូប្រជែង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទេ​។​

​រឿងរ៉ាវ​បាន​ក្រឡាប់ចាក់ នៅពេលដែល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ​នៅ​ដើម​ឆ្នាំនេះ ដោយ​ធ្វើឱ្យ​ក្រុម​សម្ព័ន្ធមិត្ត​ខកចិត្ត​ជាខ្លាំង ក្នុងនោះ​រួមមាន​ប្រទេស​ជប៉ុន អូស្ត្រាលី កាណាដា និង​វៀតណាម​។​

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​សមាជិក​នៅសល់​ចំនួន ១១ ប្រទេស​កំពុង​ស្ថិតនៅ​ប្រទេស​វៀតណាម ដើម្បី​ជែក​ពិភាក្សាគ្នា​អំពី​សេចក្តីលម្អិត​នៃ​កិច្ចព្រមព្រៀង​នេះ ដែល​លែងមាន​សិទ្ធិ​ចូលទៅ​ទីផ្សារ​ធំ​បំផុត​របស់​ពិភពលោក (​អាមេរិក​) នៅក្រៅ​កិច្ចប្រជុំ​កំពូល APEC ប្រចាំឆ្នាំ​។​

​របាយការណ៍​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា កិច្ចព្រមព្រៀង​ជាគោលការណ៍​មួយ​ត្រូវបាន​សម្រេចបាន ដើម្បី​ព​ន្លឿ​ន​ឆ្ពោះទៅរក​ការសម្រេច​កិច្ចព្រមព្រៀង TPP -11 ។​

​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជប៉ុន លោក តូ​ស៊ី​មី​តស៊ូ ម៉ូ​តេ​ហ្គី ដែលជា​សហប្រធាន​នៃ​កិច្ចប្រជុំ​នៅ​ទីក្រុង​ដា​ណា​ង បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​យើង​បាន​ឈានដល់​កិច្ចព្រមព្រៀង​មាន​កម្រិតស្តង់ដារ​ខ្ពស់​មួយ ដែលមាន​តុល្យ​ភាពល្អ​ផងដែរ​” ។​

​ប៉ុន្តែ​ក្រោយមក ការអះអាង​ពី​ភាពជោគជ័យ​ត្រូវបាន​បដិសេធ​ដោយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កាណាដា​លោក ហ្វ្រ​ង់​សឺ​ស ហ្វី​លី​ព ឆា​ម​ផេង (Francois-Philippe Champagne)​។​

​លោក​បាន​និយាយ​ក្នុង​ធ្វី​ត​ធើ ថា “​ទោះបី​ជាមាន​សេចក្តីរាយការណ៍​អំពី​រឿងនេះ​ក្តី ក៏ប៉ុន្តែ​ពុំមាន​ការយល់ព្រម​ជាគោលការណ៍​លើ​កិច្ចព្រមព្រៀង TPP ទេ​”​។​

​ប្រទេស​ជប៉ុន​ជា​អ្នកដឹកនាំ​ក្នុងការ​សង្គ្រោះ​កិច្ចព្រមព្រៀង TPP ឱ្យ​រស់​ឡើងវិញ​។​ ប៉ុន្តែ​ប្រទេស​ដទៃទៀត​រួមមាន​​កាណាដា ម៉ាឡេស៊ី និង​វៀតណាម​ ចង់បាន​ការកែប្រែ​បន្តិចបន្តួច​ចំពោះ​បញ្ហា​មួយចំនួន ហើយ​កំពុង​ជជែក​គ្នា​អំពី​ថា​តើ​ធាតុ​ចម្បង​មួយចំនួន​អាច​ត្រូវបាន​ផ្អាក​ដែរឬទេ ដើម្បី​បញ្ចៀស​ការដួលរលំ​នៃ​កិច្ចព្រមព្រៀង​នេះ​។​

​ប្រទេស​កាណាដា​ចង់​រក្សា​ធាតុ “​ស្តង់ដារ​មាស​” ដ៏​ខ្លាំងក្លា នៃ​កិច្ចព្រមព្រៀង​នេះ រួមទាំង​ការធានា​លើ​ការលើកកម្ពស់​សិទ្ធិ​ការងារ​នៅក្នុង​ប្រទេស​ហត្ថលេខី​។​

​ប៉ុន្តែ​សេដ្ឋកិច្ច​ដូចជា​ម៉ាឡេស៊ី​និង​វៀតណាម​ដែលមាន​វិស័យ​រដ្ឋ​ដ៏​ធំ​នោះ មិន​ចង់​លះបង់​វិស័យ​សំខាន់​របស់ខ្លួន​ទេ ដោយហេតុថា​ឥឡូវនេះ​ទីផ្សារ​អាមេរិក​បាន​បាត់​ពីលើ​តុ​ចរចា​ទៅហើយនោះ​៕