សារអេឡិចត្រូនិច
ចំនួនអ្នកស្លាប់ក្រោយព្យុះ​ទីហ្វុង «ដំរី» នៅវៀតណាមកើន​ដល់ ៨៩នាក់ និង​បាត់ខ្លួន ១៨នាក់


ហាណូយ៖ ចំនួនមនុស្ស​ស្លាប់ដោយសារ​ព្យុះទីហ្វុង «ដំរី» ដែលបានវាយលុក​យ៉ាងចាស់ដៃ នៅតាមបណ្តាញ​ឆ្នេរភាគកណ្តាល​ និង​​ភាគ​​ខាង​​ត្បូង​ប្រទេស​វៀតណាមនោះ បានកើនដល់ ៨៩នាក់ហើយ ស្របពេល​ដែលប្រទេស នេះកំពុងរៀបចំ​ធ្វើជាម្ចាស់ផ្ទះ​សម្រាប់កិច្ចប្រជុំ​កំពូលមួយ រវាងមេដឹកនាំ​ពិភពលោក។ នេះបើតាម​ការចេញ​ផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមរដ្ឋាភិបាលវៀតណាម គិតចាប់តាំងតែពីព្យុះកំណាចខាងលើ បានធ្វើដំណើរមកដល់ប្រទេសអាស៊ានមួយ នេះ កាលពី​ថ្ងៃសៅរ៍ចុងសប្តាហ៍មុនមក មនុស្សសរុបកើនដល់ ៨៩នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដី​ ព្រមទាំងក្នុង​ហេតុការណ៍លិចទូក នៅឯនាយសមុទ្រ ខណៈមនុស្សប្រមាណ១៨ផ្សេងទៀតនៅតែបន្ត បាត់ខ្លួនដដែល និង១៧៤នាក់រង​របួស។ ក្រៅពីនេះ លំនៅឋាន​ជាង២,០០០ខ្នងត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង និងច្រើនជាង១១០,០០០ខ្នងទៀត រងការខូចខាត ហើយ​សត្វចិញ្ចឹមជិត ១០,០០០ក្បាលបានងាប់។

ព្យុះទីហ្វុង​ដំរីនេះ បានធ្វើការវាយប្រហារ​មកលើ​វៀតណាម នៅមុន​ប្រទេសនេះ គ្រោងរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​សន្និសីទ​ស្តី​ពី​​កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច​ នៃតំបន់អាស៊ី​ប៉ាស៊ីហ្វិក​ហៅកាត់ថា APEC នៅឯទីក្រុង​ដាណាង នាសប្តាហ៍​ក្រោយ។ កិច្ចប្រជុំ​កំពូលនេះ នឹងមាន​ការចូលរួមពី​សំណាក់ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ, ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង, និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជាដើម។

គួរបញ្ជាក់ថា ព្យុះទីហ្វុងដំរី គឺជាព្យុះដ៏កំណាច​ចុងក្រោយ​គេបង្អស់ ដែលបានបោកបក់​មកលើបណ្តោយ​ឆ្នេរប្រទេស​វៀតណាម ក្នុង​ឆ្នាំ២០១៧នេះ ខណៈមនុស្ស​យ៉ាងតិច ២៤០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ ឬក៏បាត់ខ្លួន នៅក្នុងគ្រោះ​ទឹកជំនន់ និង​​រអិល​​បាក់ដី ចាប់តាំងពីដើម​ឆ្នាំនេះ៕