សារអេឡិចត្រូនិច
​ពលរដ្ឋ​ច្រើន​នាក់ បានរត់​ភៀស​ខ្លួន​ពី​គ្រោះ​​មហន្តរាយ​​ដោយ​ព្យុះ​សង្ឃរា​ Maria


ចំនួន​ប្រជាជន​ព័រតូរីកូ ​នឹង​​ធ្លាក់​ចុះ​រហូត​ដល់ ១៤% ​មក​នៅ ២,៩​លាន​នាក់​ក្នុង​ឆ្នាំ ២០១៩ ដោយ​សារ​ពលរដ្ឋ​ច្រើន​នាក់​ រត់​ភៀស​ខ្លួន​ចេញ​ពី​គ្រោះ​​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​ព្យុះ​សង្ឃរា​ Maria កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។ នេះ​បើ​តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ។

មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ព័រតូរីកូ ​នៅ​មហាវិទ្យាល័យ Hunter College ​នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋ​អាមេរិក បាន​ប៉ាន់ស្មាន​ក្នុង​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​ថា ​ប្រជាជន​ព័រតូរីកូ​ ប្រមាណ ១១,៤ម៉ឺននាក់ ដល់ ២១,៣​ម៉ឺន​នាក់ នឹង​ចាក​ចេញ​ពី​ប្រទេស​កោះ​​នេះ​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​សារ​ព្យុះ Maria។ ​នៅ​ចន្លោះ​ឆ្នាំ ២០១៧ ដល់ ២០១៩ ប្រទេស​នេះ​នឹង​បាត់​បង់​ចំនួន​ប្រជាជន​​ជាង ៤៧​ម៉ឺន​នាក់។

បើ​យោង​ទៅ​តាម​អ្នក​សរសេរ​របាយ​ការណ៍​ខាង​លើ​អះអាង​ថា ​ក្នុង​រយៈ​ពេល ១​ទសវត្សរ៍​ចុង​ក្រោយ​មុន​កើត​មាន​ព្យុះ Maria ​ប្រជាជន​ព័រតូរីកូ ​ប្រមាណ​​កន្លះ​លាន​នាក់​បាន​ផ្លាស់​ទី​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​ដែល​​ស្មើ​នឹង​ ១០​% នៃ​ចំនួន​ប្រជាជន​សរុប​​ក្នុង​ប្រទេស​ព័រតូរីកូ។

គិត​មក​ទល់​ពេល​នេះ មាន​ប្រជាជន​ព័រតូរីកូ ប្រមាណ ៥​លាន​នាក់ ​រស់​​នៅ​លើ​ទឹក​ដី​អាមេរិក ខណៈ ៣,៤​លាន​នាក់​រស់​នៅ​ក្នុង​ប្រទេស​ព័រតូរីកូ ។ គួរ​រម្លឹក​​ថា ​ព្យុះ​សង្ឃរា Maria ​បាន​វាយ​ប្រហារ​កោះ​ព័រតូរីកូ ​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ ៥១​នាក់ ​រាប់​សិប​នាក់​បាត់​ខ្លួន និង ២ ៦០០​នាក់ កំពុង​រស់​នៅ​ក្នុង​ជុំរុំ​នៅ​ឡើយ៕

ប្រភព៖ Dailymail