ផ្សែងអ័ព្ទបានគ្របដណ្តប់លើទីក្រុងញូវដេលី ប្រទេសឥណ្ឌា
ថ្ងៃ ពុធ ទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង ១១:០៣
គ្រោះអាសន្នខាងសុខភាពសាធារណៈ ត្រូវបានប្រកាស នៅពេលផ្សែងអ័ព្ទពិបាកដកដង្ហើមបានគ្របដណ្តប់លើទីក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារទី៧វិច្ឆិកា ដោយក្រុមអាជ្ញាធរបានបញ្ជាឱ្យបិទសាលាបឋមសិក្សាទាំងអស់ជាបណ្តោះអាសន្ននៅទីក្រុងដែលមានខ្យល់បរិយាកាសកខ្វក់ បំផុតនៅពិភពលោកនេះ។
វេបសាយរបស់ស្ថានទូតអាមេរិកបាននិយាយថា កម្រិតនៃសារធាតុពុលឈ្មោះ”PM2.5″ ដែលមានគ្រោះថ្នាក់ដល់សុខភាពនោះ គឺ មានកម្រិត ៧០៣ គឺ ជាកម្រិតមានគ្រោះថ្នាក់ខ្លាំង។
ក្រុមអាជ្ញាធរមូលដ្ឋានបានព្រមានអំពីស្ថានភាពកាន់តែអាក្រក់ខ្លាំង នៅប៉ុន្មានថ្ងៃខាងមុខនេះ។
សមាគមវេជ្ជសាស្ត្រឥណ្ឌាបានប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈ នៅពេលខ្លួនបានជំរុញក្រុមមន្ត្រីគ្រប់គ្រងក្រុងឱ្យខំប្រឹងប្រែងដើម្បីទប់ស្កាត់ការគំរាមកំហែងនេះ។
ខណៈដែលកំហឹងសាធារណៈបានកើនឡើងអំពីវិបត្តិនៃការពុលបរិយាកាសនេះ លោកម៉ានីស ស៊ីសូឌា អភិបាលរងនៃទីក្រុងញូវដេលីបានបញ្ជាឱ្យបិទសាលាបឋមសិក្សាទាំងអស់នៅទីក្រុងនេះនៅថ្ងៃពុធទី៨ខែវិច្ឆិកានេះ។
លោកបាននិយាយថា រាល់សកម្មភាពនៅខាងក្រៅត្រូវបានហាមផងដែរនៅទូទាំងសាលារៀនចំនួន៦.០០០នៅទីក្រុងនេះ ខណៈដែលកម្រិតនៃការពុលបរិយាកាស គឺស្ថិតនៅក្នុងកម្រិតគ្រោះថ្នាក់នៅឡើយ៕