សារអេឡិចត្រូនិច
អារ៉ាប៊ីសាអូឌីត ប្រកាសផ្តល់ប្រាក់រង្វាន់ ៤០០លានដុល្លារ ដល់អ្នកដឹងពី​ទីតាំងលាក់ខ្លួន​នៃពួកឧទ្ទាម


រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត បានប្រកាសផ្ដល់​ប្រាក់រង្វាន់ ៤០០លានដុល្លារ ដល់អ្នកក៏ដោយ​ឱ្យតែផ្ដល់ព័ត៌មាន​ ពីទីតាំង លាក់ខ្លួន​របស់បណ្ដាមេដឹកនាំ​ក្រុមឧទ្ទាម​ហូទីទាំង ៤០នាក់​នៅក្នុងប្រទេសយ៉េមែន។ ការប្រកាសផ្ដល់​ប្រាក់រង្វាន់នេះ កើតមានឡើង​តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមាន​សេចក្ដីរាយការណ៍​ថា កងកម្លាំង​ទ័ពអាកាស​អារ៉ាប៊ីសាអូឌីត បាន បាញ់ទម្លាក់​មីស៊ីលមួយគ្រាប់​ បាញ់ចេញពីទឹកដីយ៉េមែនឆ្ពោះមកកាន់​ទីក្រុងរីយ៉ាដ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួនកាលពី​ថ្ងៃអាទិត្យ ក្រសួងមហាផ្ទៃ​អារ៉ាប៊ីសាអូឌីត ដែលជាអ្នកចេញ​ប្រកាសផ្ដល់​ប្រាក់រង្វាន់ ​ដ៏ច្រើនសន្ធឹកសន្ធាប់​នេះ​បានបញ្ជាក់ថា វាជាការឆ្លើយតបមួយទៅនឹងការកើនឡើង នៃសកម្មភាព​ភេរវកម្ម​របស់ពួកឧទ្ទាមហ៊ូទី ដែលកំពុងបន្ត​សកម្មភាព​បំផ្លាញ​ដល់​សន្តិសុខ អារ៉ាប៊ីសាអូឌីត។ បន្ថែមពី​លើនេះ សេចក្ដីថ្លែង ការណ៍​ដដែលក៏​បានចោទ​ប្រកាន់ផងដែរ​ថា ក្រុមឧទ្ទាមហ៊ូទី អ៊ីរ៉ង់ និងក្រុម​ហេសប៊ូលឡា បាននិងកំពុង​ផ្លាស់ប្ដូរ បច្ចេកទេស​គ្នាទៅវិញទៅមក ក្នុងការដឹកនាំ​ការវាយប្រហារ​ដោយគ្រាប់​មីស៊ីល លើទឹក​ដីអារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត បានដឹកនាំក្រុម​ចំរុះអារ៉ាប់មាន​ជាង ១០ប្រទេស ធ្វើអន្តរាគមន៍​យោធាក្នុងប្រទេស​យ៉េមែន កាលពី​ខែមីនា ឆ្នាំ២០១៥ ដើម្បីគាំទ្រ​រដ្ឋាភិបាលនៃលោក ប្រធានាធិបតី Abdul Rabbu Mansour Hadi ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី ដែលកំពុងគ្រប់គ្រងរដ្ឋាធានីសាណាអា និងដែនដីមួយ​ផ្នែកធំ នៅភាគខាងជើង​នៃប្រទេស៕