សារអេឡិចត្រូនិច
ខេត្តកំពត​នឹងមាន​កំពង់ផែ​ដំបូងបង្អស់ សម្រាប់​បម្រើភ្ញៀវ​ទេសច​រ​


កំពង់​ផែ​ទេសចរណ៍​ដំបូង​នៅ​ខេត្តកំពត គ្រោង​នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ចុងឆ្នាំ​២០១៧ ខាង​មុខ គម្រោង​នេះ អាច​នឹង​ចំណាយ​ទឹក​ប្រមាណ ៩​លាន​ដុល្លារ និង​រំពឹង​ថា នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៩ និង​សង្ឃឹមថា​អាច​ស្រូប​កំណើន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​មក​កម្ពុជា​។

លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​មាន​ប្រសាសន៍​ថា គម្រោង​កំ​ពង​ផែ​ទេសចរណ៍​នេះ គ្រោង​ចំណាយ​ប្រមាណ ១០​លាន​ដុល្លារ ដែល​គម្រោង​នេះ​នឹង​ផ្ដល់​មក​វិញ​នូវ​ផល​ចំណេញ​ដល់​អ្នក​ខេត្តកំពត ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​តំបន់ឆ្នេរ និង​ជម្រុញ​សេដ្ឋកិច្ច​កម្ពុជា​។

ម្យ៉ាង​ការ​ផ្ដួចផ្ដើម​បង្កើត​កំពង់​ផែ​ទេសចរណ៍​ដំបូង​នៅ​ខេត្តកំពត​នេះ លោក​ឲ្យ​ដឹង​ថាៈ «​ប្រទេស​ជិតខាង​កំពុង​ជំរុញ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​គេ​កំពុង​ជំរុញ​កំណើន​ភ្ញៀវ​នៅ​តាម​តំបន់​ផ្លូវទឹក​នានា​… បើ​យើង​មិន​ជំរុញ​ឲ្យ​រូតរះ​ក្នុង​ការ​អភិវឌ្ឍ​មិន​ទាន់​ទេ នោះ​យើង​នឹង​ខាតបង់​។ ខ្ញុំ​គិត​ថា សព្វថ្ងៃ​យើង​ធ្វើ​បាន​ទាន់​ពេលវេលា​ល្អ ដោយ​យើង​ធ្វើ​បាន​ព្រោងព្រៀត​ជាមួយ​គេឯង​»​។

តាម​ការ​ព្យាករណ៍​របស់​ក្រសួងទេសចរណ៍ ខេត្តកំពត ចន្លោះ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ខេត្តកំពត​នឹង​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​១៦​ម៉ឺន​នាក់ និង​ក្នុង​មួយ​ថ្ងៃ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ប្រមាណ ១​ពាន់​នាក់​ទៅ​កម្សាន្ត បន្ទាប់​ពី​គម្រោង​នេះ​បញ្ចប់​។ ដោយឡែក តម្លៃ​អចលនទ្រព្យ​ដទៃ​ទៀត ក៏​នឹង​ត្រូវ​កើនឡើង​នៅ​តំបន់​នេះ​ដែរ បន្ទាប់​ពី​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សេវា​ស្នាក់​នៅ​បា​រួចរាល់​។

គួរ​ជម្រាប​ថា គម្រោង​នេះ ស្ថិត​នៅ​ក្រោម​គម្រោង​អភិវឌ្ឍន៍​រចនាសម្ព័ន្ធ​នៃ​បណ្ដា​ប្រទេស​ក្នុង​អនុ​តំបន់​ទន្លេមេគង្គ​។ ការ​រចនា​ប្លង់​មេ​នៃ​គម្រោង​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួងទេសចរណ៍ និង​ជំនួយការ​បច្ចេកទេស​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែល​នឹង​ត្រូវ​ចំណាយពេល​សាងសង់​រយៈពេល ២​ឆ្នាំ​កន្លះ​៕